កូនកាហ្វេចំនួន ៦ ០០០ដើម ត្រូវបានផ្តល់ជូនដល់កសិករនៅស្រុកពេជ្រាដា

ខេត្តមណ្ឌលគិរី ៖ ដើម្បីជំរុញដល់បងប្អូនប្រជាកសិកររស់នៅមូលដ្ឋាន ឱ្យផ្តោតលើការដាំដុះដំណាំកសិឧស្សាហកម្មកាហ្វេ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី រួមនឹងអាជ្ញាធរខេត្ត សហការជាមួយក្រុមហ៊ុន ខូហ្វី បានរៀបចំពិធីចែកកូនកាហ្វេដល់កសិករចំនួន ១០០គ្រួសារ ក្រោមការសម្របសម្រួលដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។

នាឱកាសនោះ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានពូជកាហ្វេនាពេលនេះ ត្រូវយកចិត្តទុកដាក់ដាំដុះថែរក្សាឱ្យលូតលាស់ល្អកើតចេញជាផ្កាផ្លែ ជាពិសេស ត្រូវកែប្រែដីដែលនៅសេសសល់ដើម្បីបង្កើនការដាំដុះកាហ្វេ និងដំណាំហូបផ្លែបន្ថែម ។

ឯកឧត្តម ថ្នាក់ដឹកនាំ បន្តថា បច្ចុប្បន្នដំណាំកាហ្វេមានការដាំដុះ និងមានផ្ទៃដីកើនឡើងគួរឱ្យកត់សម្គាល់ និងជាដំណាំដែលមានសក្តានុពល ជាយុទ្ឋសាស្ត្រក្នុងចំណោមដំណាំផ្សេងៗទៀត ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ធ្វើឱ្យកសិករទទួលបានប្រាក់ចំណូល និងជីវភាពកាន់តែប្រសើរឡើង។ ឯកឧត្តម បន្តថា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មក្នុងខេត្តកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេស ជំរុញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យារវាង ក្រុមសហគមន៍កសិកម្ម ជាមួយនិងក្រុមហ៊ុនឯកជនក្រុមហ៊ុនអ្នកប្រមូលទិញ ក្នុងគោលបំណង ជំរុញផលិតផលកាហ្វេឱ្យមានកំណើនទិន្នផល និងទីផ្សារល្អ ដែលអាចជួយបង្កើនប្រាក់ចំណូលរបស់កសិករ ហើយធានាបាននូវគុណភាព សុវត្ថិភាពចំណីអាហារ ដើម្បីធានានូវខ្សែច្រវាក់ផ្គត់ផ្គង់ត្រឹមត្រូវតាមស្តង់ដារ និងនិរន្តរភាព និងរក្សាតម្លៃទីផ្សារផលិតផលកាហ្វេ ។

យោងតាមរបាយការណ៍របស់លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅ ទូទាំងខេត្តមានផ្ទៃដីដាំដុះកាហ្វេសរុប ៦២៧ហិកតា ហើយផ្ទៃដីដែលប្រមូលផលមានចំនួន ៥១៥ហិកតា សម្រាប់ទិន្នផលជាមធ្យមចំនួន ២.៤៧៥តោនក្នុងមួយហិកតា ដែលសរុបបរិមាណទទួលផលបានចំនួន ១ ២៧៥តោន ៕