លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគមួយចំនួនដល់វីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ តាមរយ:លោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ នាយការិយាល័យព្រហ្មទណ្ឌបញ្ជាការដ្ឋានអង្គរក្ស
កំពង់ស្ពឺ៖ ក្រោមការចង្អុលបង្ហាញតម្រង់ទិសរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធនាយការិយាល័យព្រហ្មទណ្ឌបញ្ជាការដ្ឋានអង្គរក្ស និងបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគមួយចំនួនដល់វីរៈកងទ័ព ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ នៅទីបញ្ជាការកងរាជអាវុធហត្ថ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយលោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ។ ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈកងទ័ព នៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ដើម្បីការពារជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាព ជូនប្រជាជនកម្ពុជាទាំងមូល។
ជាទឹកចិត្តដ៏ថ្លៃ និងជាបន្តបន្ទាប់មួយរយៈពេលកន្លងមករួមទាំងពេលនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបន្តឧបត្ថម្ភជាសម្ភារៈគ្រឿងឧបភោគបរិភោគ ដល់បងប្អូនវីរះកងទ័ពសមរភូមិមុខតាមរយៈលោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ រួមមាន៖អង្ករចំនួន ៥០០គីឡូក្រាម, ទឹកបរិសុទ្ធចំនួន ៥០កេស,តងធំចំនួន០២,ទឹកក្រូចចំនួន១០កេស,ទឹកត្រីចំនួន១០យួរ និងទឹកស៊ីអុីវចំនួន១០យួរ៕
សកម្មភាពមនុស្សធម៌នេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមខ្ពស់បំផុត របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ព្រមទាំងក្រុមការងារ និងសប្បុរសជនទាំងអស់ទាំងក្នុង និងក្រៅស្រុក ដែលតែងតែឧបត្ថម្ភនូវសម្ភារៈគ្រឿងឧបភោគបរិភោផ្សេងៗ របស់របរប្រើប្រាស់ រួមនិងបរិច្ចាគធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកជាមួយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងការឧបត្ថម្ភ ជូនទៅដល់បងប្អូនវីរៈកងទ័ពជួរមុខផងដែរ៕







