សុខុមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាបេះដូងនៃគោលនយោបាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

កំពង់ចាម៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានលើកឡើងថា ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាបេះដូងនៃគោលនយោបាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់មនុស្សជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ និងផ្តោតលើការពង្រឹងសេវាសុខាភិបាល ការអប់រំ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគម SOS Cambodian Kids-Vernon មកពីប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋប្រមាណ ៥០០នាក់ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ នៅស្រុកបាធាយ ខេត្តកំពង់ចាម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ លោកស្រី ឡោ វីឡា សហប្រធានសមាគម SOS Cambodian Kids-Vernon ព្រមទាំងសហការី ដែលបានលះបង់ពេលវេលា ជំនាញ និងធនធានផ្ទាល់ខ្លួន ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា ក្រោមម្លប់សន្តិភាពដែលសម្រេចបានដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជាបានបន្តជំរុញការនាំយកសេវាសាធារណៈទៅដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដោយធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានឱកាសស្មើភាពក្នុងការទទួលសេវាសុខាភិបាល និងការថែទាំសុខភាពប្រកបដោយគុណភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា សកម្មភាពមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មិនត្រឹមតែរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្ស និងពង្រឹងសុខុមាលភាពសហគមន៍ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តថែរក្សាសុខភាព អនុវត្តការរស់នៅប្រកបដោយអនាម័យ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសហគមន៍ប្រកបដោយសុខភាពល្អ។ បន្ទាប់ពីការពិនិត្យ និងព្យាបាល ប្រជាពលរដ្ឋទាំងអស់ក៏ទទួលបានការប្រឹក្សាផ្នែកសុខភាព និងថ្នាំពេទ្យដោយឥតគិតថ្លៃផងដែរ។