លោកជំទាវ ទេស ផល្លីន និងឯកឧត្តម ឡុង អាទិច្ចបូរា បានជួបប្រជុំគ្នាដើម្បីត្រៀមចុះធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុក្រសួងព័ត៌មាន ឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ពន្ធ័

ភ្នំពេញ៖ លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន និងឯកឧត្តម ឡុង អាទិច្ចបូរា អគ្គលេខាធិការនៃអាជ្ញាធរសវនកម្មជាតិ បានជួបប្រជុំគ្នាដើម្បីត្រៀមចុះធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងព័ត៌មាន សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយករង អគ្គនាយិការង ប្រធាននាយកដ្ឋាន ប្រធានអង្គភាព មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន និងប្រតិភូអាជ្ញាធរសវនកម្មជាតិ ដើម្បីសម្របសម្រួលការងារ និងត្រៀមលក្ខណៈឱ្យដំណើរការសវនកម្មប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងស្របតាមនីតិវិធី។

ក្នុងកិច្ចប្រជុំ ឯកឧត្តម ឡុង អាទិច្ចបូរា បានបញ្ជាក់ថា ការធ្វើសវនកម្មមានគោលបំណងផ្តល់ការធានាអះអាងប្រកបដោយហេតុផលសមស្របថា របាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងព័ត៌មាន មិនមានកំហុសឆ្គងជាសារវន្ត មិនថាកើតឡើងដោយចេតនា ឬអចេតនានោះទេ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានបញ្ជាក់ថា ការធ្វើសវនកម្មមិនអាចធានាបានថា នឹងរកឃើញរាល់កំហុសឆ្គងជាសារវន្តទាំងអស់ដែលអាចកើតមាននោះឡើយ។

ឯកឧត្តមបានបន្ថែមថា ក្រុមការងារសវនកម្មនឹងពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តតាមអនុសាសន៍សវនកម្មកន្លងមក ព្រមទាំងពិនិត្យចំណុចខ្វះខាតនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដើម្បីផ្តល់អនុសាសន៍កែលម្អ សំដៅពង្រឹងតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងព័ត៌មាន។

លោកជំទាវ ទេស ផល្លីន បានសម្តែងការស្វាគមន៍ចំពោះក្រុមការងារអាជ្ញាធរសវនកម្មជាតិ និងបានបញ្ជាក់ថា ក្រសួងព័ត៌មានបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសវនកម្មជាតិ ដើម្បីឱ្យដំណើរការចុះធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងស្របតាមនីតិវិធីជាធរមាន។

លោកជំទាវបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ និងគ្រប់អង្គភាពពាក់ព័ន្ធនៃក្រសួងព័ត៌មាន នឹងផ្តល់កិច្ចសហការយ៉ាងពេញលេញក្នុងការរៀបចំឯកសារ ទិន្នន័យ និងព័ត៌មានពាក់ព័ន្ធនានា ដើម្បីគាំទ្រដល់ដំណើរការសវនកម្មឱ្យទទួលបានលទ្ធផលល្អ ស្របតាមគោលការណ៍តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លោកជំទាវបានបន្ថែមថា ក្រសួងព័ត៌មានចាត់ទុកការធ្វើសវនកម្មជាយន្តការសំខាន់មួយ ក្នុងការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ កែលម្អប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងលើកកម្ពស់អភិបាលកិច្ចល្អ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕