ឯកឧត្តម លី កុសល ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារត្រៀមទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍
ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា នាព្រឹកថ្ងៃទី៥ ខែ សីហា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំ តាមដានស្តីពីវឌ្ឍនភាពការងារត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះមានមាសភាពចូលរួមមានសមាជិកគណៈកម្មាធិការប្រតិបត្តិ ទីប្រឹក្សា ជំនួយការ គ្រូបង្វឹកនៃសហព័ន្ធកីឡាវាយសីកម្ពុជានៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាបានជម្រាបជូនរបាយការណ៍ថា ការរៀបចំការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍នឹងត្រូវធ្វើឡើងពីថ្ងៃទី១៥-២១ ខែសីហា ឆ្នាំ២០២៦ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម កែវ រស់ បានគូសបញ្ជាក់ថា ចំពោះសមាសភាពកីឡាករ កីឡាការិនីនៃប្រទេសជាភ្ញៀវចំនួន ៦ប្រទេសផ្សេងទៀត គឺមានចំនួន១២នាក់ ក្នុងកម្រិតអាយុ២៣ឆ្នាំ ១៩ឆ្នាំ និង១៦ឆ្នាំ។ ដំណើរការត្រៀមរៀបចំបច្ចេកទេស ការដឹកជញ្ជូន ស្នាក់នៅ និងផ្នែកសំខាន់ៗជាច្រើនទៀត ត្រូវបានក្រុមការងារបច្ចេកទេសត្រៀមខ្លួនរួចរាល់ហើយ ដោយការត្រៀមរៀបចំនេះមានវឌ្ឍនភាពច្បាស់លាស់ និងល្អប្រសើរ។
ឯកឧត្តម លី កុសល បានមានប្រសាសន៍ថា សម្រាប់ដំណើរការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦នេះ គឺសហព័ន្ធបានប្រជុំច្រើនលើកមកហើយនូវរាល់កិច្ចការមួយចំនួន បន្ទាប់ពីសហព័ន្ធបានបង្កើតគណៈកម្មការជាច្រើន ដើម្បីជំរុញឱ្យដំណើរការត្រៀមរៀបចំឱ្យមានភាពរលូនល្អ។ កិច្ចប្រជុំថ្ងៃនេះ គណៈកម្មការរៀបចំនានាបានលើកឡើងនូវការងាររៀងៗខ្លួន ហើយយើងក៏បានត្រៀមទាំងសម្ភារៈ ថវិកា ទាំងកីឡាករ កីឡាការិនី ព្រមទាំងគណៈកម្មការរៀបចំផ្នែកនីមួយៗដូចជាគណៈកម្មការរៀបចំការប្រកួត ទីលាន ពិធីការ សន្តិសុខ និងគណៈកម្មការពេទ្យជាដើម។ ព្រឹត្តិការណ៍អន្តរជាតិកម្រិតអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ឆាប់ៗខាងមុខ នេះ គឺទទួលបានលិខិតអនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រី តាម រយៈក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តម លី កុសល បានលើកបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់គ្រប់គណៈកម្មការទាំងអស់ ក្នុងការប្រឹងប្រែងរៀបចំឱ្យព្រឹត្តិការណ៍ទាំងមូលដំណើរការដោយរលូន និងជោគជ័យ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់របស់គ្រូបង្វឹក កីឡាករ កីឡាការិនីប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យលាភីជូនជាតិមាតុភូមិ ក្នុងនាមជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ឆ្នាំ២០២៦ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ មាន៧ប្រទេសចូលរួម រួមមាន៖ ម្ចាស់ផ្ទះ កម្ពុជា ព្រុយណេ ឡាវ មីយ៉ាន់ម៉ា ទីម័រខាងកើត ហ្វីលីពីន និងវៀត ណាម ខណៈសមាសភាពកីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជាត្រៀមចូលរួមប្រកួតលើវិញ្ញាសាក្រោមអាយុ ២៣ឆ្នាំ ៦នាក់ វិញ្ញាសាក្រោមអាយុ ១៩ឆ្នាំ មាន៧នាក់ និងវិញ្ញាសាក្រោមអាយុ១៦ឆ្នាំ មាន៦នាក់ សរុប ១៩នាក់៕







