ឆ្នាំនេះបេក្ខជន ប្រឡងបាក់ឌុប នៅស្រុកទឹកឈូ ទទួលបានអាហារថ្ងៃត្រង់ និងការស្នាក់ផ្ទះសំណាក់ដោយមិនគិតថ្លៃ ពីស.ស.យ.ក ស្រុក
ខេត្តកំពត ៖ ឯកឧត្តម អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមគ្រួសារ ស.ស.យ.កស្រុក ពិភាក្សាការងាររៀបចំ «យុទ្ធនាការចែករំលែកសេចក្តីស្រឡាញ់» ទៅកាន់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦។
ក្នុងយុទ្ធនាការនេះ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបានត្រៀមរៀបចំផ្ញើមធ្យោបាយធ្វើដំណើរ (កង់-ម៉ូតូ) របស់បេក្ខជនដោយឥតគិតថ្លៃ ព្រមទាំងត្រៀមទឹកសុទ្ធ ១២០កេស បាយកញ្ចប់ (អាហារថ្ងៃត្រង់) ១ ៨០០កញ្ចប់ ជូនដល់ប្អូនៗបេក្ខជនប្រឡងដែលជួបការលំបាកទាំង៣មណ្ឌល ក្នុងស្រុកទឹកឈូ ខេត្តកំពត។
ជាមួយគ្នានោះដែរ ស.ស.យ.ក ក៏មានរៀបចំផ្ទះសំណាក់មួយចំនួនក្នុងទីរួមខេត្តកំពត ដើម្បីជួយសម្រួលដល់បេក្ខជនដែលខ្វះខាត មកពីបណ្តាក្រុងស្រុកផ្សេងៗទៀតក្នុងខេត្ត ឲ្យស្នាក់នៅដោយឥតគិតថ្លៃទៀតផង៕







