ភូមិឋាននានានៅក្នុងប្រទេសហ្គាតេម៉ាឡាមួយផ្នែកត្រូវបានអាជ្ញាធរសម្រេចជម្លៀសមនុស្សចេញជាង៦៥០នាក់ជាបន្ទាន់ បន្ទាប់ពីភ្នំភ្លើង Fuego ផ្ទុះឡើងក្នុងកម្រិតដ៏ខ្លាំង

ហ្គាតេម៉ាឡា នៅតែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្ន ចាប់ពីថ្ងៃអង្គារនេះ បន្ទាប់ពីអាជ្ញាធរបានជម្លៀសមនុស្សរាប់រយនាក់ចេញ ក្រោយពីមានបំផ្ទុះភ្នំភ្លើង Fuego ដែលវាស្ថិតនៅលើផ្នែកមួយ នៃកងរង្វង់ភ្លើងប៉ាស៊ីហ្វិក និងជាភ្នំភ្លើងសកម្មបំផុតមួយ នៅតំបន់អាមេរិកកណ្តាល។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេះបាននិយាយថា មនុស្ស ៦៥៩នាក់ត្រូវបានគេជម្លៀសចេញពីភូមិចំនួន៨នៅក្នុងតំបន់គ្រោះថ្នាក់ ហើយកំពុងស្នាក់នៅក្នុងជម្រកក្បែរខាងនោះ។ ការបំផ្ទុះនេះបានចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទ ជាមួយនឹងរូបភាពវីដេអូដែលបង្ហាញពីពពកឧស្ម័ន និងផេះនៅពីលើភ្នំភ្លើងក្រាស់ ខណៈដែលលំហូរកម្អែលភ្លើង pyroclastic ហូរចុះមក។ លោកស្រី Claudinne Ogaldes ជាលេខាធិការប្រតិបត្តិនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយហ្គាតេម៉ាឡា ឬ CONRED បាននិយាយថា សហគមន៍ប្រហែល ១០ទៀតត្រូវបានគេរំពឹងថានឹងត្រូវជម្លៀសចេញពេញមួយថ្ងៃនេះដូចគ្នា។ លោកស្រីបានកត់សម្គាល់ថា “នាយកដ្ឋានរបស់រដ្ឋបានបង្កើនកម្រិតប្រកាសអាសន្នដល់ពណ៌ក្រហមហើយ”។ “វាចាំបាច់ណាស់សម្រាប់ប្រជាជនដើម្បីពួកគេជម្លៀសចេញ”។ ក្នុងចំណោមអ្នកដែលត្រូវបានបង្ខំឱ្យចាកចេញមានមនុស្សប្រហែល ២៥០ នាក់មកពី El Porvenir និងភូមិតូចៗក្បែរនោះ ស្របពេលដែលអាជ្ញាធរក៏បានព្រមានផងដែរថាផេះផ្សែងអាចសាយភាយទៅដល់ទីក្រុងជុំវិញនោះដែរ។ អ្នកស្រុកឈ្មោះ Eva Acajabon Perez បាននិយាយថា នាងបានរត់គេចខ្លួនពីតំបន់នោះ នៅពេលដែលស្វាមីនិងកូនប្រុសរបស់នាងស្ថិតនៅខាងក្នុងផ្ទះ ដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេ។ នាង​បាន​និយាយ​ថា «វា​ពិតជាគួរឲ្យខ្លាច​ខ្លាំង​ណាស់ ហើយ​កម្លាំងរបស់វានៅ​តែខ្លាំង​ដដែល»។ ផ្លូវ​ហាយវេ​ធំ​មួយ​ដែល​ឆ្លងកាត់​ជិត​ភ្នំភ្លើង នេះគឺនៅ​ផ្លូវជាតិ​លេខ១៤ក៏ត្រូវ​បាន​បិទជាស្ថាពរផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ