កម្ពុជានិងបណ្ដារដ្ឋសហគមន៍អាស៊ានបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៤៧ ស្តីពីបញ្ហាគ្រឿងញៀន

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានប្រតិភូបានដឹកនាំប្រតិភូកម្ពុជា  ចូលរួមនៅក្នុង “កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន លើកទី៤៧ ស្តីពីបញ្ហាគ្រឿងញៀន និងកិច្ចប្រជុំពាក់ព័ន្ធ (47TH ASEAN Senior Officials Meeting on Drug Matters and Its Related Meeting) ។

ប្រជុំនេះជាកិច្ចប្រជុំពីចម្ងាយ Zoom ដែលប្រទេសថៃជាម្ចាស់ផ្ទះរៀបចំ ដោយមានការអញ្ជើញចូលរួមពីបណ្ដារដ្ឋទាំង១១ នៃសហគមន៍ប្រជាជាតិអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។

ក្នុងនាមភាគីកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូ តំណាងរដ្ឋសមាជិកអាស៊ានទាំងអស់ លេខាធិការដ្ឋានអាស៊ាន និងអ្នកចូលរួមទាំងអស់នៃកិច្ចប្រជុំនេះ  សូមមានសុខភាពល្អ ទទួលបានជោគជ័យ និងវិបុលភាពក្នុងការបំពេញភារកិច្ច។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា កម្ពុជាជឿជាក់យ៉ាងមុតមាំថាកិច្ចប្រជុំរបស់យើងរយៈពេលពីរថ្ងៃ(៤-៥ ខែសីហា ឆ្នាំ២០២៦)នឹងដំណើរការទៅដោយរលូន និងជោគជ័យ អាចឱ្យយើងអាចពិនិត្យ និងពិភាក្សាអំពីសមិទ្ធផលរបស់យើងដោយឆ្លុះបញ្ចាំងពីចំណុចខ្លាំងនិងចំណុចដែលត្រូវកែលម្អ ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗជាមួយគ្នា។