ក្តាមសេះកែប កំពុងរៀបចំសៀវភៅបន្ទុកចុះបញ្ជី ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅលើទីផ្សារ

ខេត្តកែប ៖ ដើម្បីធានាបាននូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការរក្សាគុណភាព និងប្រភពដើមពិតប្រាកដរបស់ផលិតផល ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកែប បាននិងកំពុងរៀបចំគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងការចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅលើទីផ្សារ។

មន្ត្រីជំនាញ និងអ្នកជំនាញការពាក់ព័ន្ធ កំពុងចុះសិក្សាស្រាវជ្រាវយ៉ាងលម្អិតអំពីប្រវត្តិ លក្ខណៈពិសេស បច្ចេកទេសនេសាទ និងទិន្នផលរបស់ «ក្តាមសេះកែប» ដើម្បីរៀបចំឯកសារសៀវភៅបន្ទុកឱ្យបានម៉ត់ចត់បំផុត។

នេះជាការលើកឡើងរបស់លោក កឹម សុខុន តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីផ្សព្វផ្សាយស្តីពីការអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលរៀបចំឡើងនៅ សាលប្រជុំតូច សាលាខេត្តកែប កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ជាមួយវត្តមានលោក ហូ ស៊ីវយ៉ុង អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម និងលោក លី សាវេត អភិបាលរងខេត្តកែប តំណាងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញ តំណាងស្ថាប័នពាក់ព័ន្ធ តំណាងសហគមន៍ អ្នកនេសាទ និងសិក្ខាកាមជាច្រើនរូប។

លោកបញ្ជាក់ថា ស្ថិតក្នុងនីតិកាលទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ត្រូវបានដាក់ចេញដើម្បីនាំកម្ពុជាឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ វិស័យកម្មសិទ្ធិបញ្ញាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារ ដ៏ទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ និងផលិតករ គិតមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្មបានទទួលពាក្យស្នើសុំ និងចុះបញ្ជីម៉ាកបានកើនឡើងជាង១៥ម៉ឺនម៉ាក ដែលជាសក្ខីភាពបង្ហាញពីការរីកចម្រើននៃវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង ចូលរួមផ្តល់មតិយោបល់ និងធាតុចូលលើសេចក្តីព្រាងសៀវភៅបន្ទុក «ក្តាមសេះកែប» ដើម្បីយកទៅអនុវត្តឱ្យទទួលបានជោគជ័យ និងរួមចំណែកលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលក្នុងស្រុករបស់ខេត្តកែបឱ្យកាន់តែមានតម្លៃ និងទទួលស្គាល់ដោយទូលំទូលាយ៕