ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន ៤៣ ដើម្បីទ្រទ្រង់ពុទ្ធចក្រក្នុងរដូវកាលចូលព្រះវស្សា

ខេត្តព្រះសីហនុ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តអារាមចំនួន ៤៣វត្ត ទូទាំងខេត្តព្រះសីហនុ។

ពិធីដ៏មានអត្ថន័យនេះប្រព្រឹត្តិទៅនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅឯមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័ន (ហៅវត្តសមាធិ) ដែលមានទីតាំងស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយមានការនិមន្តចូលរួមពីព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា ឧកញ្ញ៉ា លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត និងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។

ពិធីប្រគេនទៀនព្រះវស្សានេះ គឺជាប្រពៃណីព្រះពុទ្ធសាសនាដ៏ល្អផូរផង់មួយ ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃក្នុងការគង់ចាំព្រះវស្សារយៈពេល៣ខែ ព្រោះថាទៀនព្រះវស្សា និងអគ្គិសនី ឬប្រេងកាត គឺជារបស់ដ៏មានសារៈសំខាន់ក្នុងការអុជបំភ្លឺសិក្សារៀនសូត្រធម៌វិន័យ និងបំពេញសមណធម៌នាពេលរាត្រី។

ក្នុងឱកាសនេះ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំ និងផ្ដល់ជូននូវទេយ្យទាន និងគ្រឿងឧបភោគបរិភោគដ៏ច្រើន សម្រាប់វត្តទាំង ៤៣វត្ត ក្នុងខេត្ត ដោយក្នុងមួយវត្តៗទទួលបាន ទៀនវស្សាក្បាច់ (១.៦០ម៉ែត្រ) ១គូ អង្ករ ១០០គីឡូក្រាម មី ៦កេស ត្រីខកំប៉ុង ១កេស ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស ស្ករស ៥គីឡូក្រាម តែ ៥គីឡូក្រាម ទឹកដោះគោខាប់ ២កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ប្រេងឆា (ចំណុះ២០លីត្រ) ១កេស សៀង ១០គីឡូក្រាម ខ្ទឹមស ១០គីឡូក្រាម អំបិល ១០គីឡូក្រាម ប្រេងកាត ៣០លីត្រ

ទន្ទឹមនឹងនេះ សម្រាប់ ព្រះសង្ឃនិមន្តតំណាងវត្តនីមួយៗ (ក្នុង១អង្គ) ក៏ទទួលបាននូវការប្រគេនបន្ថែមរួមមាន ស្លាដកចំនួន ១ ផ្លែឈើ ១កន្ត្រក ចង្ហាន់ ១ស្រាក់ បច្ច័យចំនួន ២០០,០០០ រៀល និងបច្ច័យប្រគេនសម្រាប់កសាងវត្តចំនួន ១,០០០,០០០ រៀល ផងដែរ។

ពិធីបុណ្យប្រគេនទៀនព្រះវស្សានេះ មិនត្រឹមតែជាការបំពេញនូវកិច្ចសាសនាកិច្ចដ៏ប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីសាមគ្គីភាព វប្បធម៌នៃការចែករំលែក និងការស្រលាញ់រាប់អានគ្នាក្នុងសហគមន៍ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ។

អត្ថបទ​​​​​​​​​​​​ ៖ ស្រីមុំ

រូបភាព ៖ សុខជា