ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តខែសីហា របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
រាជធានីភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តខែសីហា របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំនេះ ក្នុងគោលបំណងពិនិត្យវាយតម្លៃអំពីលទ្ធផលការងារក្នុងខែកក្កដា និងពិភាក្សាអំពីបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងការអនុវត្តភារកិច្ចកន្លងមក ដោយមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោកនាយការិយាល័យទាំង១១ មន្រ្តីនគរបាលយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
បន្ទាប់ពីស្តាប់ការលើកឡើងពីបញ្ហាប្រឈមនិងសំណូមពររបស់លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីររួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ បង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯកនាយកមន្ទីរ ក៏បានលើកឡើងអំពីការពង្រឹងសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈ ជាពិសេសការបង្កើនកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ ក៏ដូចជាការអនុវត្តច្បាប់ឲ្យបានតឹងរឹង និងមានប្រសិទ្ធភាពខ្ពស់ មួយវិញទៀត មន្រ្តីជំនាញត្រូវបន្តការស្រាវជ្រាវពាក់ព័ន្ធបទល្មើសសម្អាតប្រាក់។
ដើម្បីសម្រេចបានលទ្ធផលល្អបន្ថែមទៀតសម្រាប់ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ បន្តពង្រឹងការងារស៊ើបអង្កេត ស្រាវជ្រាវ បង្ការ និងបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យសកម្មថែមទៀត ដោយផ្តោតលើករណីធំៗ និងការងារសម្អាតប្រាក់ ។
ឯកឧត្តមឧត្តមសេនីយ៍ឯកបានសង្កត់ធ្ងន់ថា ការអនុវត្តដីកាដែលនៅសេសសល់ ត្រូវតែបន្តការស្រាវជ្រាវទោះជានៅខេត្តណាក៏ដោយ ដើម្បីចូលរួមនិងទប់ស្កាត់ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិប្រឆាំងគ្រឿងញៀន និងថែរក្សាសុខសន្តិភាពជូនសង្គមជាតិ៕







