៧ខែឆ្នាំ២០២៦ កម្ពុជា រកចំណូលបានជាង ២០លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ២០ លានដុល្លារ (២០ ៣២៦ ៩៦៦) ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៦ ធ្លាក់ចុះ ២៩% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

របាយការណ៍របស់គ្រឹះស្ថានអង្គរបង្ហាញថា គិតចាប់ពីខែមករា ដល់ខែកក្កដា ២០២៦ ភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៤០ ម៉ឺននាក់ (៤២៨ ២២៣) បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ ៣០%។ នៅឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជិត ៤៥ លានដុល្លារ ពីការលក់សបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ ៦,៥១% ប្រៀបធៀបនឹងឆ្នាំ ២០២៤។

លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាប មានប្រសាសន៍ថា បញ្ហាសង្គ្រាមព្រំដែនកម្ពុជា-ថៃ និងការបារម្ភពីការឆបោកអនឡាញ ព្រមទាំងស្ថានភាពភូមិសាស្ត្រនយោបាយនៅលើពិភពលោក បានធ្វើឱ្យភ្ញៀវទេសចរចូលមកទស្សនាក្នុងខេត្តសៀមរាបធ្លាក់ចុះ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) មានប្រសាសន៍ថា កក្ដាជាច្រើនដែលបានធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាថមថយចុះ ក្នុងនោះមានកត្តាខាងក្នុង និងខាងកត្តាក្រៅ ដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងភាពតានតឹងភូមិសាស្រ្តនយោបាយ។

លោកបន្ថែមថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមិនទាន់មានស្ថិរភាព ដែលធ្វើឱ្យអ្នកដំណើរជាច្រើនកាត់បន្ថយការចំណាយលើការធ្វើដំណើរកម្សាន្ត និងផ្លាស់ប្ដូរទៅជ្រើសរើសគោលដៅដែលមានតម្លៃប្រកួតប្រជែងជាងមុន។

លោក ធួន ស៊ីណាន យល់ឃើញថា៖ «ការថយចុះនេះ គួរត្រូវបានចាត់ទុកជាឱកាសមួយសម្រាប់យើងក្នុងការពិនិត្យ ឡើងវិញនូវយុទ្ធសាស្ត្រ បង្កើនគុណភាពសេវាកម្ម បង្កើតផលិតផលថ្មីៗ ពង្រីកទីផ្សារថ្មី និងពង្រឹងកិច្ច សហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ ប្រសិនបើយើងអាចធ្វើបានជាប្រព័ន្ធ និងមានការចូលរួម ពីគ្រប់ភាគី លោកជឿជាក់ថា វិស័យទេសចរណ៍កម្ពុជានឹងអាចស្តារកំណើនឡើងវិញបានយ៉ាងរឹងមាំ និងប្រកបដោយចីរភាព»៕