ពិធីប្រគេនទៀនវស្សា និងទេយ្យទានចំពោះព្រះសង្ឃវត្តទាំង៣ ក្នុងឃុំដំណាក់រាំង ជាការពង្រឹងទំនាក់ទំនងរវាងវត្ត អាជ្ញាធរ និងសហគមន៍

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ១៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង រួមជាមួយក្រុមការងារចុះជួយឃុំ និងក្រុមប្រឹក្សាឃុំដំណាក់រាំង អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ បានអញ្ជើញប្រគេនទៀនវស្សា ទេយ្យទាន និងបវរណាបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៣ ក្នុងឃុំដំណាក់រាំង ប្រារព្ធធ្វើឡើងនៅវត្តជ្រៃក្រាំងខ្នុរ ស្ថិតនៅភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការជូនពរពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនចំពោះព្រះថេរានុថេរៈ ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការវត្ត អាចារ្យ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំដំណាក់រាំង ដោយប្រសិទ្ធពរឱ្យព្រះសង្ឃគង់នៅដោយព្រះសុខភាពល្អ មានព្រះកម្លាំងមាំមួនក្នុងការបំពេញសង្ឃកិច្ច និងបន្តផ្សព្វផ្សាយព្រះសទ្ធម្ម ដើម្បីជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា សង្គម និងប្រទេសជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់លើការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាគ្រឹះនៃការអប់រំសីលធម៌ ការអភិរក្សវប្បធម៌ និងការកសាងធនធានមនុស្ស។ ឯកឧត្តមបានអំពាវនាវឱ្យព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ បន្តរួមគ្នាថែរក្សាសុខសន្តិភាព សាមគ្គីភាព និងស្ថិរភាពសង្គម ព្រោះសន្តិភាព គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល និងរួមគ្នាថែរក្សាសមិទ្ធផលសន្តិភាពដែលកម្ពុជាទទួលបាន ដើម្បីបន្តដំណើរអភិវឌ្ឍប្រទេសឆ្ពោះទៅរកវិបុលភាព និងចីរភាព។

ដោយឡែកក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញ បានលើកផងដែរអំពីអត្ថន័យនៃទំនៀមប្រពៃណីចូលព្រះវស្សា ដោយលើកឡើងថា ការប្រគេនទៀនវស្សា និងទេយ្យទាន គឺជាវប្បធម៌ដ៏ល្អផូរផង់របស់ពុទ្ធបរិស័ទខ្មែរ ដែលបានប្រតិបត្តិបន្តតាំងពីបុរាណកាលមក ដើម្បីគាំទ្រព្រះសង្ឃដែលគង់ចាំព្រះវស្សា ក្នុងការសិក្សាព្រះធម៌ បដិបត្តិធម៌ និងផ្សព្វផ្សាយព្រះសទ្ធម្ម។ ការគាំទ្រព្រះសង្ឃក្នុងរដូវចូលព្រះវស្សា មិនត្រឹមតែជាការធ្វើបុណ្យប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមថែរក្សាព្រះពុទ្ធសាសនា ដែលជាប្រភពនៃគុណធម៌ សីលធម៌ និងសុខដុមរមនារបស់សង្គមខ្មែរ។ ពនរមជាមួយនោះក៏បានផ្សព្វផ្សាយអំពី អភិក្រម «ស៣» របស់ក្រសួងធម្មការ និងសាសនា ដោយជំរុញឱ្យព្រះសង្ឃ គណៈកម្មការវត្ត អាចារ្យ និងពុទ្ធបរិស័ទ បន្តពង្រឹងកិច្ចសហការរវាងវត្ត អាជ្ញាធរ និងសហគមន៍ ក្នុងការអប់រំសីលធម៌ លើកកម្ពស់គុណតម្លៃគ្រួសារ ការពារយុវជនពីគ្រឿងញៀន ល្បែងស៊ីសង និងការឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងរួមចំណែកផ្សព្វផ្សាយគោលនយោបាយល្អៗរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា នៅពេលវត្តអារាម អាជ្ញាធរ និងប្រជាពលរដ្ឋធ្វើការរួមគ្នាដោយស្មារតីសាមគ្គី នោះព្រះពុទ្ធសាសនានឹងបន្តរីកចម្រើន ហើយសហគមន៍នឹងក្លាយជាសហគមន៍ដែលមានសីលធម៌ សុវត្ថិភាព និងសុខដុមរមនា។ ពិធីប្រគេនទៀនវស្សានាពេលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការគាំទ្រ និងលើកស្ទួយព្រះពុទ្ធសាសនា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងតួនាទីព្រះពុទ្ធសាសនា ជាគ្រឹះនៃការអប់រំសីលធម៌ ការពង្រឹងសាមគ្គីភាពជាតិ និងការកសាងធនធានមនុស្ស សំដៅរួមចំណែកកសាងសង្គមកម្ពុជាប្រកបដោយសុខសន្តិភាព វិបុលភាព និងចីរភាព។

ក្នុងពិធីនេះ ក្រុមការងារក៏បានប្រគេន ទៀនវស្សា ១គូ ទេយ្យទាន និងបវរណាបច្ច័យចំនួន ៥០០,០០០ (ប្រាំសែន) រៀល សម្រាប់វត្តនីមួយៗ ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃក្នុងការគង់ចាំព្រះវស្សាអស់រយៈពេលបីខែ និងសម្រាប់បំពេញសង្ឃកិច្ច ព្រមទាំងបន្តការអប់រំព្រះធម៌ដល់ពុទ្ធបរិស័ទ។សូមអនុមោទនាបុណ្យជាមួយសប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ដែលបានរួមចំណែកក្នុងពិធីដ៏ប្រពៃនេះ សូមអានិសង្សនៃទាន សីល និងភាវនា ប្រោសប្រទាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងឱ្យព្រះពុទ្ធសាសនាបន្តរីកចម្រើន និងគង់វង្សជានិច្ច។