ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB អញ្ជើញចូលរួមកិច្ចពិភាក្សាស្តីពី”អត្ថប្រយោជន៍ និងឱកាសទទួលបានការគាំទ្រហិរញ្ញប្បទានសម្រាប់ធុរកិច្ច” នៃវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារ ARDB ព្រមទាំងសហការី នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកិច្ចពិភាក្សាស្តីអំពី “អត្ថប្រយោជន៍ និងឱកាសនៃការទទួលបានការគាំទ្រហិរញ្ញប្បទានសម្រាប់ធុរកិច្ច” នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

នៅក្នុងកិច្ចពិភាក្សានោះ គឺក្រោមការសម្របសម្រួលដោយ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារកម្ពុជា ព្រមទាំងវាគ្មិនកិត្តិយសរួមមាន លោក ណូ លីដា អគ្គនាយក CGCC, ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, លោក ជា សុភ័ក្ត អគ្គនាយក SME Bank។

នៅក្នុងឱកាសកិច្ចពិភាក្សានោះ ឯកឧត្តម ចាន់ សីហា បានលើកឡើងថា ចំពោះ ធនាគារ ARDBកន្លងមក គឺយើងមានសកម្មភាពជាច្រើន ដោយផ្តោតលើវិស័យកសិកម្មដូចជា ការផ្តល់ឥណទានផ្តល់ដល់គ្រប់តួអង្គ ក្នុងខ្សែច្រវាក់តម្លៃកសិកម្មរួមមាន ផ្តោលើដំណាំចន្ទី ពោត និងដំឡូងមី ព្រមទាំងអ្នកផលិត អ្នកកែច្នៃ និងផ្សារភ្ជាប់ទីផ្សារនាំចេញ ហើយកន្លងមកមានបញ្ហាខ្វះទុនគឺ យើងប្រើប្រាស់យន្តការ អាចយកផលិតផលចន្ទីក្នុងឃ្លាំងឬដំឡូងមីស្តុកទុក ដើម្បីធ្វើជាទ្រព្យបញ្ចាំដែលអាចស្នើសុំទុនពីធនាគារARDB បានសម្រាប់ជាទុនបង្វិលផងដែរ។

ឯកឧត្តម ចាន់ សីហា បានបញ្ជាក់ក្នុងកិច្ចពិក្សាទៀតថា រយៈពេល១០ឆ្នាំចុងក្រោយនេះធនាគារARDB បានបង្កើតផលិតផលថ្មីច្រើនដូចជា ការធ្វើពិពិធកម្មលើផលិតផលផ្សេងៗទៀត ដែលកន្លងមកបងប្អូនយើងដែលអស់ទ្រព្យបញ្ជាំហើយ ប៉ុន្តែចង់បានឥណទានយកទៅប្រើប្រាស់ ឥឡូវយើងមានដំណោះស្រាយដោយមានកិច្ចសន្យា៣ភាគីរួមមាន អ្នកផលិត អ្នកប្រមូលទិញ និងខាងធនាគារ ដែលកិច្ចសន្យានេះផ្តល់លទ្ធភាពឲ្យអ្នកផលិតអាចផលិតបានហើយមានទីផ្សារនឹងអាចលក់ចំណេញទៀត។

សូមជម្រាបថា “វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦” រៀបចំឡើងរយៈពេល២ថ្ងៃពីថ្ងៃទី៣០ ដល់ទី៣១ខែកក្កដាឆ្នាំ២០២៦នេះ ដែលមានការ សហការរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធការគាំទ្រហិញ្ញប្បទាន និងការអភិវឌ្ឍធុរកិច្ចរបស់រាជរដ្ឋាភិបាល រួមមាន៖ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), សាជីវកម្មធានាឥណទានកម្ពុជា (CGCC), គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (DEBC), មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) សហគ្រិនខ្មែរ (KE), មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF), ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank), មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (TSC)។

វេទិកាថ្នាក់ជាតិនេះគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការស្អិតល្មួតរវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលក្នុងការបង្កើតសហថាមពល និងការបន្ស៊ីគោលនយោបាយអន្តរស្ថាប័នសំដៅជំរុញការអភិវឌ្ឍវិស័យឯកជនដែលផ្ដោតជាសំខាន់លើការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងភាពបត់បែនដើម្បីធានាស្ថិរភាពអាជីវកម្ម និងជំរុញសកម្មភាពសេដ្ឋកិច្ចជាតិឲ្យមានសម្ទុះកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត៕