ប្រតិភូ និងវិនិយោគិន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅក្នុងឱកាសបើក «វេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦» នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នារាត្រីថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូបានចូលរួម «វេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦» ក្រោមប្រធានបទ «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា» ដោយមានការចូលរួមពី លោក ចូវ វិនតុង (Zhou Wendong) អភិបាលរងក្រុងអ៊ូស៊ី ព្រមទាំងប្រតិភូតំណាងទីក្រុង-ខេត្តសម្ព័ន្ធមេត្រីភាព និងតំណាងការិយាល័យទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ តំណាងសភាពាណិជ្ជកម្ម ប្រធានសមាគម ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន ប្រតិបត្តិករទេសចរណ៍ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងនូវមតិស្វាគមន៍ និងសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកកាន់ទឹកដីតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ដែលជា «តារារះនាទិសនិរតី» និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ឯកឧត្តមបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺជាសាក្សីភាពនៃការបន្តពូនជ្រុំទំនាក់ទំនងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនអង្គពិធីទាំងមូលអំពីទិសដៅអភិវឌ្ឍន៍ និងសក្តានុពលសេដ្ឋកិច្ចដ៏សំខាន់ៗរបស់ខេត្ត រួមមាន៖ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម៖ ការពង្រីកសមត្ថភាពកំពង់ផែសមុទ្រទឹកជ្រៅឱ្យឈានដល់ជម្រៅ ១៧,៥០ ម៉ែត្រ នៅឆ្នាំ២០៣០ និងការបើកទូលាយជើងហោះហើរត្រង់ពីអាកាសយានដ្ឋានអន្តរជាតិកម្ពុជា ទៅកាន់បណ្តាក្រុងសំខាន់ៗនៃប្រទេសចិន (Guangzhou, Shenzhen, Chengdu, Kunming, Wuxi, និង Xiamen)។ការរៀបចំដែនដីអភិវឌ្ឍន៍ ៤ តំបន់អាទិភាព៖ រួមមាន តំបន់ទីក្រុងសមាហរណកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុ, តំបន់ទេសចរណ៍ធម្មជាតិកោះ-ឆ្នេរ, តំបន់កសិ-ឧស្សាហកម្ម និងតំបន់ឧស្សាហកម្ម-ភស្តុភារកម្មជាតិ។
ជាទីបញ្ចប់ ឯកឧត្តម ម៉ាង ស៊ីណេត បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ច និងជំនួបធុរកិច្ចនាឱកាសនេះ នឹងបង្កើតបានជាបរិយាកាសកាន់តែល្អប្រសើរក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិន ដោយរដ្ឋបាលខេត្តព្រះសីហនុ ត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល ប្រកប ដោយភាពឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាពខ្ពស់ ក្រោមបាវចនា «ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពរីករាយរបស់យើង»។
អត្ថបទ: មន សូត្រ







