លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា នាំយកអំណោយជាអង្ករវីតាមីន និងភេសជ្ជៈ Yeo’s ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា
ភ្នំពេញ៖ ក្នុងស្មារតីចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពកុមារកម្ពុជា លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន តំណាង ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា
រួមដំណើរដោយថ្នាក់ដឹកនាំសមាគមនារី និងលោកស្រី ហេង សទ្ធាវី អគ្គនាយិកាក្រុមហ៊ុនវ៉ាយ អេច អេស (ខេមបូឌា) Food and Beverages បាននាំយកអំណោយជាអង្ករវីតាមីនចំនួន ៣០០កេស និងភេសជ្ជៈ Yeo’s ចំនួន ១,៦៥០កញ្ចប់ ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងគាំទ្រដល់ការថែទាំអ្នកជំងឺកុមារ។
ក្នុងឱកាសនោះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់យ៉ាងខ្ពស់ចំពោះសុខុមាលភាពសង្គម ជាពិសេសសុខភាពស្ត្រី និងកុមារ ដែលជាកម្លាំងដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ បុគ្គលិក និងអ្នកជំងឺទាំងអស់ ដោយជូនពរឱ្យមានសុខភាពល្អ កម្លាំងមាំមួន និងស្នាមញញឹមជានិច្ច។
ជាមួយគ្នានេះ លោកជំទាវបានកោតសរសើរចំពោះថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចដោយវិជ្ជាជីវៈខ្ពស់ និងមិនប្រកាន់ពេលវេលា ក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាលអ្នកជំងឺ ដើម្បីធានាឱ្យកុមារទទួលបានការថែទាំប្រកបដោយគុណភាព និងមានឱកាសជាសះស្បើយឡើងវិញ។
លោកជំទាវបានបញ្ជាក់ថា ទោះបីអំណោយជាអង្ករវីតាមីនចំនួន ៣០០កេស មិនទាន់អាចឆ្លើយតបគ្រប់តម្រូវការរបស់អ្នកជំងឺ និងក្រុមគ្រួសារបានទាំងស្រុងក៏ដោយ ប៉ុន្តែអាចរួមចំណែកសម្រាលការលំបាក និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្នុងឱកាសនោះដែរ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួន និងសមាជិកគ្រួសារ ដោយប្រកាន់ខ្ជាប់នូវការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងរក្សាអនាម័យបរិស្ថានជុំវិញខ្លួនឱ្យបានល្អប្រសើរ ព្រោះបញ្ហាសុខភាពជាកិច្ចការរួមដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ដើម្បីកសាងសង្គមកម្ពុជាដែលមានសុខុមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
សូមបញ្ជាក់ថា សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តែងតែរៀបចំសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ តាមរយៈការផ្តល់អង្ករវីតាមីន និងសម្ភារចាំបាច់ផ្សេងៗ ជូនដល់មន្ទីរពេទ្យ មណ្ឌលកុមារកំព្រា និងគោលដៅមនុស្សធម៌ជាច្រើនទៀត ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា៕







