សកម្មភាពភាពរុករកមនុស្សក្រោយគ្រោះរញ្ជួយដីវាយបំបាក់បំពង់ផ្សែងរោងចក្រផលិតក្រដាស Nippon នៅជប៉ុន! ស្របពេលមនុស្សស្លាប់កើនដល់២៣នាក់ហើយ
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះមនុស្សពីគ្រោះរញ្ជួយដ៏ខ្លាំងនៅតែបន្តរហូតមកដល់ថ្ងៃព្រ.ហនេះ បន្ទាប់គ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បានបំបាក់បំពង់ផ្សែងនៅរោងចក្រឧស្សាហកម្មក្រដាស Nippon ក្នុងទីក្រុង Kumamoto បានសម្លាប់មនុស្សកើនដល់២៣នាក់ហើយ នៅភាគនិរតីនៃប្រទេសជប៉ុន។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានប្រាប់អ្នកយកព័ត៌មានពីទីក្រុងតូក្យូនាព្រឹកថ្ងៃព្រហស្បតិ៍នេះថាមានមនុស្ស៥នាក់បានស្លាប់ និង១០នាក់ត្រូវបានជួយសង្គ្រោះនៅរោងចក្រឧស្សាហកម្មនោះ។ សមាជិកកងកម្លាំងការពារជាតិរបស់ជប៉ុនបានចូលរួមជាមួយក្រុមជួយសង្គ្រោះក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះយ៉ាងញាប់ដៃញាប់ជើងបំផុត។ សហគមន៍ជនបទនៅភាគនិរតីនៃប្រទេសជប៉ុនកំពុងតស៊ូយ៉ាស្វិតស្វាញដើម្បីស្វែងរកអ្នករស់រានមានជីវិត ឲ្យបានទាន់ពេលវេលា ក្រោយពីរយៈពេលពីរថ្ងៃ នៃគ្រោះរញ្ជួយដីដ៏អង្រួនកម្រិត៧.១រ៉ិចទ័រ ក្នុងប្រទសដែលរីកចម្រើនផ្នែកបច្ចេកវិទ្យាមួយនេះរបស់ពិភពលោក ដោយហេតុការណ៍ក៏បានបង្កឱ្យមានការផ្ទុះលេចធ្លាយឧស្ម័ននៅផ្សារទំនើបអ៊ីអនដ៏ល្បីរបស់ជប៉ុនដែរ និងបានបំផ្លាញផ្ទះសម្បែងនៅជុំវិញវា។ ពេលវេលាកំពុងជិតអស់ហើយ សម្រាប់ប្រតិបត្តិការស្វែងរកអ្នករស់រានមានជីវិត ខណៈដែលក្រុមជួយសង្គ្រោះបានបន្តធ្វើការទាំងយប់ទាំងថ្ងៃក្រោមរលកកម្តៅផង នៅក្នុងតំបន់ Kumamoto ស្ថិតនៅលើកោះ Kyushu ភាគខាងត្បូងរបស់ប្រទេសជប៉ុន ជាកន្លែងដែលគ្រោះរញ្ជួយបាននវាយប្រហារខ្លាំងជាងគេកាលពីថ្ងៃអង្គារនេះ។ ចំនួនមនុស្សបាត់ខ្លួនមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេ ស្របពេលដែលរដ្ឋបាលខេត្ត Kumamoto បាននិយាយថា ករណីគ្រោះរញ្ជួយដីនេះបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ជាង៦០នាក់រងរបួស ដែលក្នុងនោះ ៦នាក់រងរបួសធ្ងន់ធ្ងរ និង មានជនបរទេសម្នាក់ដែរ។ អ្នករស់រានមានជីវិតបានបង្ហាញក្តីសោកសៅ និង ភ័យខ្លាចចំពោះការវិលត្រឡប់មកផ្ទះរបស់ពួកគេវិញ និងសំណូមពរឲ្យជួយស្វែងរកសមាជិកគ្រួសាររបស់ពួកគេចេញពីគំនរបាក់បែកឲ្យបានលឿនបំផុត ទាំងក្តីអស់សង្ឃឹម រហូតមកដល់ពេលនេះមានអ្នកខ្លះត្រូវបានគេទាញចេញមានទំាងរបួសធ្ងន់ស្រាល ហើយត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីព្យាបាល។ ជប៉ុនជាប្រទេសដែលងាយគ្រោះរញ្ជួយដីជារៀងរាល់ឆ្នាំ ហើយប្រទេសនេះជាប្រទេសដែលរីកចម្រើនខ្លាំងជាងគេលើពិភពលោកជាមួយនឹងបច្ចេកវិទ្យាថ្មីៗទប់ទល់នឹងការរញ្ជួយដីនានា ប៉ុន្តែជប៉ុននៅតែមិនអាចចៀសផុតពីគ្រោះថ្នាក់រញ្ជួយដីកម្រិតធ្ងន់ៗបានដដែល៕

សម្រួលអត្ថបទ៖ សុផារិន្ទ





