សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បរិច្ចាគថវិកាចំនួន ៥០ ០០០ ដុល្លារអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងឱកាសដែល លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគម ដឹកនាំសហការី នាំថវិកាចំនួនប្រមាណ ៥០ ០០០ ដុល្លារអាម៉េរិក ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ 

តាមការបញ្ជាក់ពី លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ការចូលរួមបរិច្ចាគនេះ ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងអំឡុងពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។ 

សូមបញ្ជាក់ជូនថា នេះជាលើកទី៣ ហើយដែលសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលរួមកៀរគរ និងប្រគល់ថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដោយលើកទី១ បានបរិច្ចាគថវិកាចំនួន ៥៩ ៩៩៩ ដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៤, លើកទី២ បានបរិច្ចាគថវិកាចំនួន ១០០ ០០០ ដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៥ និង លើកទី៣ នេះ បរិច្ចាគថវិកាចំនួន ៥០ ០០០ ដុល្លារអាម៉េរិក។ បន្ថែមលើនេះ, លោកអ្នកឧកញ៉ា លី ហួរ ក៏ជាសមាជិកស្ថាបនិក ១រូប ក្នុងចំណោមសមាជិកស្ថាបនិកទាំង ១៣៣ រូប របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយលោកអ្នកឧកញ៉ា លី ហួរ បានប្រកាសបរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងអំឡុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “មូលនិធិគន្ធបុប្ផាកម្ពុជា” កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សហប្រធានស្ថាបនិកនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ 

ការបរិច្ចាគពីសំណាក់សប្បុរសជន ទោះតិចក្ដីច្រើនក្ដី សុទ្ធតែមានតម្លៃដ៏ធំធេង ក្នុងការចូលរួមសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា រាប់លានករណីក្នុងមួយឆ្នាំៗ។ សប្បុរសជនអាចបន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ QR Code ឬលេខគណនី របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិឬ ធ្វើការទំនាក់ទំនង តាមរយៈលេខទូរសព្ទ៖ ០១២ ២៣៥ ៥៨២, ០៩៩ ៣៣៣ ១៣៣, ០១២ ៩២៩ ៧២៧, ០១៦ ៨០៨ ៩០៥, ឬ ០៧០ ២០៦ ៧៤៦៕