ញាត្តិព្រះធម៌ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ដង្ហែទៀនព្រះវស្សាវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងទីអារាមវត្តអម្ពផលចុងកោះ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ញាត្តិព្រះធម៌ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានមានសទ្ធាដ៏ជ្រះថ្លាដង្ហែទៀនព្រះវស្សាវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងទីអារាមវត្តអម្ពផលចុងកោះ ស្ថិតនៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ញាត្តិព្រះធម៌ ដែលមានសណ្តានចិត្តដ៏ប្រពៃ នាំយកទៀនព្រះវស្សា និងគ្រឿងបរិក្ខារទៀន ដែលនាំមកនូវគុណប្រយោជន៍ដ៏ថ្លៃថ្លា ប្រគេនព្រះញាណសត្ថា សំ សុផល ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះនាយករងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងជាព្រះគ្រូចៅអធិការវត្តអម្ពផល និងព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នាឱកាសនេះមាន អគ្គមហាឧបាសិកាធម្មរតនវិឌ្ឍនា សុខ ឈាង មាតាបង្កើតឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោកជំទាវ សួង ខាហ្គេច លោកជំទាវ ព្រំ សៀងហុង និងស្វាមី លោកជំទាវ អ៊ុយ ស្រីលក្ខ័ និងស្វាមី ព្រមទាំងក្រុមគ្រួសារ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះកុរ។

ក្បួនដង្ហែទៀនវស្សា និងគ្រឿងបរិក្ខារទៀន បានប្រព្រឹត្តិទៅដោយគោរពចំពោះព្រះរតនត្រ័យ ទសបារមី ថែរក្សាទីអារាម និងបានបំពេញកិច្ចដ៏ប្រពៃផ្សេងៗទៀត ទៅតាមប្រពៃណីរបស់ព្រះពុទ្ធសាសនា។ ក្បួនទៀនព្រះវស្សា ដែលដង្ហែមកកាន់វត្តអម្ពផលចុងកោះ នាឱកាសនេះ មានទៀនព្រះវស្សា សំពត់សាដក់ គ្រឿងឧបភោគបរិភោគ មានទឹកបរិសុទ្ធ ទឹកក្រូច អង្ករ ត្រីខ ទេយ្យទាន និងបវរណាចតុបច្ច័យប្រគេនព្រះញាណសត្ថា សំ សុផល ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះនាយករងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងជាព្រះគ្រូចៅអធិការវត្តអម្ពផលចុងកោះ និងព្រះភិក្ខុសង្ឃ សរុប១៤ព្រះអង្គ ព្រមទាំងប្រគេនបច្ច័យសម្រាប់កសាងក្នុងវត្តអម្ពផលចុងកោះផងដែរ។

ពិធីប្រគេនទៀនព្រះវស្សា ក្នុងឱកាសនេះ គឺជាការចូលរួមចំណែកថែរក្សា និងលើកតម្កើងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យបានថ្កុំថ្កើង និងនាំមកនូវគុណប្រយោជន៍ដ៏ថ្លៃថ្លា ចំពោះសង្គមជាតិ និងពុទ្ធបរិស័ទខ្មែរ អោយមានការរីកចម្រើនកាន់តែខ្ពស់ត្រដែតថែមទៀត ព្រមទាំងជួយលើកកម្ពស់ជីវភាពព្រះសង្ឃ ដើម្បីព្រះសង្ឃបានបំពេញកិច្ចទៅតាមព្រះធម៌វិន័យជាព្រះឱវាទដ៏ថ្លៃថ្លារបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។

គួររំលឹកថាៈ ពិធីបុណ្យចូលព្រះវស្សា គឺជាបុណ្យដ៏សំខាន់បំផុតមួយក្នុងព្រះពុទ្ធសាសនា។ នៅក្នុងសម័យបុព្ធកាល អាស្រ័យដោយ វិទ្យាសាស្ត្រ ពុំទាន់មានការរីកចម្រើន ពុទ្ធបរិស័ទយើងបានមូលមតិរួមសាមគ្គីគ្នាជាឯកច័្ឆន្ទ ក្នុងការកសាងឡើងនូវទៀនវស្សា ដើម្បីអុជបំភ្លឺថ្វាយព្រះរតនត្រ័យ និងដើម្បីព្រះសង្ឃបានជាពន្លឺ ក្នុងការសិក្សាអំពីព្រះធម៌វិន័យផងទាំងពួង។ រីឯការជួយទំនុកបំរុងនូវស្បៀង និងគ្រឿងសំភារៈផ្សេងៗ គឺឧបាសក ឧបាសិកា បានត្រៀមបំរុងជីវភាពព្រះសង្ឃ នៅក្នុងរដូវបុណ្យចូលវស្សា ដែលមានភ្លៀងធ្លាក់ខ្លាំង ព្រះសង្ឃមិនអាចនិមន្ត ទៅបិណ្ឌបាត្រ កាន់ទីឆ្ងាយបានដោយគោរពទៅតាមពុទ្ធបញ្ញត្តិរបស់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់៕