ក្រសួងវប្បធម៌ រៀបចំសិក្ខាសាលាស្តីពី «តួនាទីយុវវ័យ ក្នុងការរួមចំណែក ការពារ ថែរក្សា វប្បធម៌ប្រពៃណីដូនតា»
ភ្នំពេញ ៖ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «តួនាទីយុវវ័យ ក្នុងការរួមចំណែក ការពារ ថែរក្សា វប្បធម៌ប្រពៃណីដូនតា» ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួង។
សិក្ខាសាលានេះធ្វើឡើងដើម្បី៖
១. ដាស់តឿន និងលើកកម្ពស់ការយល់ដឹងគឺបណ្តុះស្មារតីស្រឡាញ់ ស្គាល់តម្លៃ និងមោទនភាពជាតិ ចំពោះ សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដល់ស្រទាប់យុវវ័យ។
២. បង្កើតកិច្ចពិភាក្សាគឺផ្តល់ឱកាសឱ្យយុវជនបានជួបជុំ ផ្លាស់ប្តូរមតិយោបល់ ទស្សនផ្ទាល់ខ្លួន និងរៀន សូត្រ បន្ថែមពីវាគ្មិនអំពីយុទ្ធសាស្ត្ររួមគ្នាក្នុងការការពារវប្បធម៌ជាតិ។
៣. ជំរុញការចូលរួមរបស់យុវវ័យក្នុងយុគសម័យឌីជីថលគឺលើកទឹកចិត្តយុវជនដែលជាសសរទ្រទ្រង់ជាតិ ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបណ្តាញសង្គមក្នុងផ្លូវវិជ្ជមាន ដើម្បីផ្សព្វផ្សាយ និងការពារវប្បធម៌ ជាតិ ឱ្យបានគង់វង្ស និងអភិវឌ្ឍបន្ថែមទៀត។
នៅក្នុងឱកាសនោះ លោកជំទាវ រដ្ឋលេខាធិការ បានរំលេចអំពីព្រឹត្តិការណ៍សង្គ្រាមកាលពីឆ្នាំមុនដែលប្រទេសជិតខាងបានឈ្លានពានទឹកដីកម្ពុជា ដោយបានផ្តាំផ្ញើដល់ក្មួយៗយុវជនទាំងអស់ ត្រូវចងចាំប្រវត្តិសាស្ត្រទាំងនោះឱ្យបានច្បាស់ ហើយប្រែក្លាយភាពឈឺចាប់ឱ្យទៅជាកម្លាំងចិត្ត ហើយរួមគ្នាថែរក្សា ការពារមរតកវប្បធម៌ទាំងនោះឱ្យបានគង់វង្សស្ថិតស្ថេរជានិរន្តរ៍។
លោកជំទាវ បានបញ្ជាក់ថាការរៀបចំសិក្ខាសាលានេះឡើង គឺពិតជាបានឆ្លើយតបចំទិសដៅទៅ និងសេចក្តីត្រូវការរបស់ក្មួយៗយុវជន យុវនារី ដែលជាកុលបុត្រកុលធីតាខ្មែរប្រកបដោយសក្តានុពល និងជាទំពាំងស្នងឫស្សីយ៉ាងរឹងមាំសម្រាប់ជាតិ។ យុវជនគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ព្រមទាំងកិច្ចប្រតិបត្តិផ្សេងៗរបស់ដូនតា ដែលជាអត្តសញ្ញាណជាតិដ៏ឧត្តុង្គឧត្តម និងរួមចំណែកលើកកម្ពស់តម្លៃវប្បធម៌ជាតិនៅលើឆាកអន្តរជាតិដោយក្តីមោទនភាព។
លោកជំទាវ បានគូសបញ្ជាក់បន្ថែមថា មរតកវប្បធម៌ជាតិអាចនៅគង់វង្សបានគឺត្រូវពឹងអាស្រ័យលើក្មួយៗ ចៅៗទាំងអស់គ្នានេះហើយ៕







