រូបភាព Drone បង្ហាញពីទំហំខូចខាតក្នុងខេត្តរងគ្រោះរញ្ជួយដីដ៏អង្រួន Kumamoto របស់ជប៉ុន! ដោយទីតាំងនេះធ្លាប់រងគ្រោះកាលពី១ទសវត្សរ៍មុនដែរនៅឆ្នាំ២០១៦
មន្ត្រីអាជ្ញាធរក្នុងប្រទេសជប៉ុនបាននិយាយថា គ្រោះរញ្ជួយដីដ៏អង្រួនបានធ្វើឱ្យទីក្រុង Kumamoto នៅលើកោះ Kyushu ភាគខាងត្បូងរបស់ប្រទេសជប៉ុនកាលពីល្ងាចថ្ងៃអង្គារម្សិលមិញរងការខូចខាតធ្ងន់ធ្ងរ និង បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ហើយរកឃើញមនុស្ស១៣នាក់ស្លាប់នៅព្រឹកថ្ងៃពុធនេះ ខណៈតួរលេខស្លាប់នឹងមានការកើនឡើង ដោយសារមានមនុស្សជាច្រើនកំពុងស្ថិតក្រោមគំនរអគារដួលរលំ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានដាក់ចេញជាបណ្តោះអាសន្ននោះទេ ប៉ុន្តែវាត្រូវបានរលុបទៅវិញក្នុងរយៈពេលពីរម៉ោងក្រោយនៃគ្រោះរញ្ជួយដី។ ទីភ្នាក់ងារនេះបាននិយាយទៀតថា មានការព្រមានអំពីរលកយក្សស៊ូណាមិ ដែលបានគ្របដណ្តប់លើសមុទ្រ Ariake និង Yatsushiro ដែលស្ថិតនៅក្បែរនោះ លើឆ្នេរសមុទ្រភាគខាងលិចនៃខេត្ត Kumamoto, Nagasaki, Fukuoka និង Saga ចំងាយប្រហែលជា៩០០គីឡូម៉ែត្រ នាភាគនិរតីនៃទីក្រុងតូក្យូ។ យោងតាមការស្ទាបស្ទង់ផ្នែកភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិកដំបូងឡើយបាននិយាយថា គ្រោះរញ្ជួយដីនេះមានទំហំ ៧.១រ៉ិចទ័រ ប៉ុន្តែក្រោយមកវាបានធ្លាក់ចុះមកត្រឹម៦.៨រ៉ិចទ័រវិញ។ នៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម Xលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រីបានបង្កើតក្រុមការងារបន្ទាន់មួយក្នុងប្រតិបត្តិការជួយសង្រ្គោះនិងប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីវាយតម្លៃពីការខូចខាតដែលអាចកើតមាន និងការជួយសង្គ្រោះបន្ទាន់ប្រសិនបើចាំបាច់។ ក្រោយមកលោកស្រី Takaichi ក៏បានប្រាប់អ្នកយកព័ត៌មានថា មានរបាយការណ៍អំពីស្ថានភាពបំផ្លិចបំផ្លាញ និងទំហំខូចខាតមួយចំនួនដល់ផ្លូវថ្នល់ ស្ពានបាក់ និងអគាររលំ ក៏ដូចជាដាច់ចរន្តអគ្គិសនី និងមានអគ្គីភ័យ ឆាបឆេះដែរ បើទោះបីជាព័ត៌មានលម្អិតនៅតែមិនបញ្ចេញផ្លូវការក៏ដោយ។ លោកស្រី Takaichi បានព្រមានប្រជាជនដែលចម្អិនអាហារតាមផ្ទះទាំងអស់ សូមប្រុងប្រយ័ត្នជាមួយភ្លើង និងបំណែកកញ្ចក់បែក។ ចំណែកទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ថា មន្ទីរពេទ្យមួយក្នុងទីក្រុង Yatsushiro បានទទួលយកមនុស្សប្រហែលជា ៤០នាក់ដែលរងរបួសដោយសារគ្រោះរញ្ជួយដីភ្លាមៗ។ រថភ្លើងមួយបានធ្លាក់ចេញពីផ្លូវរត់របស់វា ហើយបានក្រឡាប់នៅស្ថានីយ៍អយស្ម័យយាន Yatsushiro ហើយជញ្ជាំងថ្មនៅប្រាសាទបុរាណ Kumamoto ក៏ត្រូវខូចខាតដែរ នេះបើយោងតាមការចុះផ្សាយរបស់ Kyodo។ ទីភ្នាក់ងារគ្រប់គ្រងអគ្គីភ័យ និងគ្រោះមហន្តរាយរបស់ប្រទេសជប៉ុនបានបន្ថែមថា៖ មិនមានរបាយការណ៍អំពីទំហំខូចខាតដល់ទីកន្លែងសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនោះទេ ទោះបីជាអាជ្ញាធរនៅតែកំពុងវាយតម្លៃពីវិសាលភាពទំហំខូចខាតក៏ដោយ។ នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងស្រុកបានទទួលការហៅទូរស័ព្ទសង្គ្រោះបន្ទាន់ជាលើក ច្រើនសារដែលពលរដ្ឋបានរាយការណ៍ពីអគ្គីភ័យឆាបឆេះ និងខូចខាតដល់ផ្ទះសម្បែងរបស់ពួកគេ។ លោក Shinji Kiyomoto មន្ត្រីផែនការសម្រាប់វិធានការទប់ទល់នឹងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិរបស់ JMA បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយថា ការរញ្ជួយដីកម្រិតរាក់ៗកំពុងបង្កឱ្យមានជាស្ថានភាពរញ្ជួយដីដ៏សកម្មនៅក្នុងតំបន់ ដោយជំរុញឱ្យប្រជាជនត្រូវប្រុងប្រយ័ត្ន ជាពិសេសក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខទៀត។ ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា មិនមានការប្រមានពីរលកយក្សស៊ូណាមិ ណាមួយនោះទេ។ អាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែររបស់ប្រទេសជប៉ុនវិញបានបញ្ជាក់ថា៖ មិនមានភាពមិនប្រក្រតីណាមួយត្រូវបានរកឃើញឡើយនៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរចំនួន៣ដែលនៅក្បែរតំបន់រងគ្រោះ។ រថភ្លើងល្បឿនលឿន Shinkansen និងរថភ្លើងក្នុងស្រុកនៅ Kyushu ត្រូវបានផ្អាកសេវាកម្មសម្រាប់ត្រួតពិនិត្យសុវត្ថិភាព ខណៈដែលផ្លូវរត់នៅអាកាសយានដ្ឋាន Aso Kumamoto ត្រូវបានបិទទាំងស្រុង ដោយគ្មានលទ្ធភាពបន្តប្រតិបត្តិការឡើងវិញនោះទេ នេះបើយោងតាមការជូនដំណឹងនៅលើគេហទំព័ររបស់អាកាសយានដ្ឋាន។ ក្រសួងការពារជាតិជប៉ុនបាននិយាយថា ខ្លួនបានបញ្ជូនយន្តហោះទៅកាន់តំបន់រងគ្រោះដើម្បីវាយតម្លៃនូវស្ថានភាពជាក់ស្តែង។ សូមរំលឹកថាទីក្រុង Kumamoto ត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដីដ៏សាហាវម្តងដែរ កាលពីឆ្នាំ ២០១៦ ដែលវាបានបណ្តាលឱ្យមនុស្សជាង៥០នាក់ស្លាប់ ១៨០០នាក់រងរបួស និងផ្ទះរាប់ម៉ឺនខ្នងត្រូវបានខូចខាត ឬបំផ្លិចបំផ្លាញធ្ងន់ធ្ងរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






