ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយអភិបាលរងក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ក្នុងន័យរឹតចំណងមិត្តភាព និងជំរុញការវិនិយោគ-ទេសចរណ៍
ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ចូវ វិនតុង (Zhou Wendong) អភិបាលរងក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគណៈប្រតិភូ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ភោជនីយដ្ឋានឆ្នេរថ្មី។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ចូវ វិនតុង និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅលើទឹកដីខេត្តព្រះសីហនុ ដែលជា «តារារះនាទិសនិរតី» នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្ត រួមមាន ធនធានធម្មជាតិ និងទេសចរណ៍ មានកោះតូចធំជាច្រើន និងឆ្នេរខ្សាច់ដ៏វែងអន្លាយ ដែលជាប្រភពធនធានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ច។ កម្ពុជាមានខេត្តជាប់ឆ្នេរសមុទ្រចំនួន ៤ គឺខេត្តព្រះសីហនុ កំពត កែប និងកោះកុង ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏មានសារៈសំខាន់ ស្របតាម «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សមិទ្ធផលធំៗដូចជា ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ កំពង់ផែសមុទ្រទឹកជ្រៅ និងតំបន់សេដ្ឋកិច្ចពិសេស គឺជាកាតាលីករយ៉ាងសំខាន់ក្នុងការទាក់ទាញ និងសម្រួលដល់ការវិនិយោគពីបរទេស ជាពិសេសអ្នកវិនិយោគិនចិន។
ជាការឆ្លើយតប លោក ចូវ វិនតុង (Zhou Wendong) អភិបាលរងក្រុងអ៊ូស៊ី បានសម្តែងនូវក្តីរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរខេត្តព្រះសីហនុ។ នាឱកាសនោះ លោកក៏បានជម្រាបជូនអំពីសក្តានុពលសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យារបស់ក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការកែប្រែមុខមាត់ថ្មីរបស់ខេត្តព្រះសីហនុ។
ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងក្រុងអ៊ូស៊ី/ខេត្តជាំងស៊ូ នឹងនៅតែបន្តពង្រឹង និងពង្រីកឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ ជាពិសេស តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ត្រូវបានរៀបចំបញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ខេត្តរួចជាស្រេច ហើយរដ្ឋបាលខេត្តត្រៀមខ្លួនជានិច្ចក្នុងការទទួលស្វាគមន៍អ្នកវិនិយោគទុនចិនមកបណ្តាក់ទុនបន្ថែមទៀត ព្រមទាំងប្តេជ្ញារួមគ្នាជំរុញការផ្សព្វផ្សាយ និងផ្លាស់ប្តូរទេសចរណ៍រវាងតំបន់ទាំងពីរឱ្យកាន់តែសកម្មឡើង៕







