ព្រឹត្តិការណ៍ «កិច្ចសន្ទនាវប្បធម៌កម្ពុជា-ចិន និងកម្មវិធីទស្សនកិច្ច អ្នកជំនាញនៃស្ថាប័នស្រាវជ្រាវនៅខេត្តយូណាន ឆ្នាំ២០២៦» ត្រូវបានរៀបចំឡើងដោយជោគជ័យ
ក្រុមអ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអញ្ជើញទៅកាន់ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូល រួមក្នុងព្រឹត្តិការណ៍ «កិច្ចសន្ទនាវប្បធម៌កម្ពុជា-ចិន និងកម្មវិធីទស្សនកិច្ចអ្នកជំនាញនៃស្ថាប័នស្រាវជ្រាវនៅខេត្តយូណាន ឆ្នាំ២០២៦» ព្រមទាំងបានដំណើរការកិច្ចពិភាក្សា និងផ្លាស់ប្តូរ មតិយោបល់ ជាមួយក្រុមអ្នកជំនាញនៃភាគីចិន ដែលអញ្ជើញមកពីក្រុមហ៊ុនចិនហួរណឹង (China Huaneng Group) សាកលវិទ្យាល័យភាសាបរទេសប៉េកាំង សាកលវិទ្យាល័យយូ ណាន និងស្ថាប័នពាក់ព័ន្ធដទៃទៀត។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ភាពសម្បូរបែបនៃប្រភពទឹក ឡានឆាង-មេគង្គ និងភាពសុខដុមរមនារវាងកម្ពុជា-ចិន» ក្រោមការណែនាំរបស់ស្ថាប័ន ផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងទទួលបន្ទុករៀបចំដោយក្រុមហ៊ុន ក្រុមហ៊ុនថាមពលវារីអគ្គិសនី ហួរណឹង ឡានឆាងជាំង (Huaneng Lancang River Hydropower Co., Ltd.) ក្នុង គោលបំណងផ្អែកលើចំណងតភ្ជាប់ធម្មជាតិនៃទន្លេឡានឆាង-មេគង្គ ដើម្បីបង្កើនការផ្លាស់ប្តូរ និងទំនុកចិត្តទៅវិញទៅមករវាងស្ថាប័នស្រាវជ្រាវកម្ពុជា-ចិនឱ្យកាន់តែជ្រាលជ្រៅ បន្ថែមទាំងពង្រឹងការយល់ដឹងពីគ្នាទៅវិញទៅមកលើវិស័យថាមពលបៃតង ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងការអភិវឌ្ឍសហគមន៍។
លោកបណ្ឌិត គិន ភា (Kin Phea) នាយករងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា«សហគ្រាសចិននៅកម្ពុជា កំពុងធ្វើបរិវត្តកម្មពី “អ្នកចូលរួមសេដ្ឋកិច្ច” ទៅជា “អ្នកកសាងសហគមន៍”»។ គម្រោងនានារបស់ចិន ដែលមានដូចជា វារី អគ្គិសនីសេសានក្រោម២ របស់ក្រុមហ៊ុន ហួរណឹង ជាតំណាងនោះ បានក្លាយជាសមិទ្ធ ផលនិមិត្តរូបនៃមិត្តភាពកម្ពុជា-ចិន និងការអភិវឌ្ឍបៃតងក្នុងតំបន់ឡានឆាង-មេគង្គ។ ស្ថាប័នស្រាវជ្រាវកម្ពុជា-ចិន គប្បីបន្តពង្រឹងការស្រាវជ្រាវរួមគ្នាយ៉ាងស៊ីជម្រៅលើវិស័យនានា ដូចជា គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ការអភិវឌ្ឍបៃតង បរិវត្តកម្មឌីជីថល ការទូតសាធារណៈ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជា ជនជាដើម ដើម្បីផ្តល់ការគាំទ្រផ្នែកបញ្ញាកាន់តែច្រើនដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។
លោក នាក់ ច័ន្ទដារិទ្ធ (Neak Chandarith) នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា រោងចក្រវារីអគ្គិសនីសេសានក្រោម២ របស់ក្រុមហ៊ុន ហួរណឹង គឺជាសមិទ្ធផលកិច្ចសហប្រតិបត្តិការដ៏សំខាន់នៃការរួមគ្នាកសាង «ខ្សែក្រវ៉ាត់ និងផ្លូវ» រវាងចិន និងកម្ពុជា។ គម្រោងនេះបាន សាងសង់ផ្លូវត្រីឆ្លងកាត់ត្រាប់តាមបែបធម្មជាតិ ដើម្បីការពារជីវៈចម្រុះក្នុងផ្ទៃទឹក និងរបរនេសាទប្រពៃណីនៅផ្នែកខាងក្រោមដងទន្លេ ព្រមទាំងបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ដូចជា សាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ និងបណ្តាញអគ្គិសនីជាដើម ដែលបានកែលម្អប្រកបដោយប្រសិទ្ធភាពនូវលក្ខខណ្ឌនៃការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងបានផ្តល់នូវបទពិសោធន៍ជាក់ស្តែងដ៏មានប្រយោជន៍ សម្រាប់សហគ្រាសចិននៅកម្ពុជា ក្នុងការសម្រេចបាននូវការអភិវឌ្ឍគម្រោង ព្រមជាមួយការធ្វើសមាហរណកម្មជា មួយសហគមន៍។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ អ្នកជំនាញស្ថាប័នស្រាវជ្រាវកម្ពុជា-ចិន បានចុះធ្វើ ទស្សនកិច្ចសិក្សាជាក់ស្តែងជាបន្តបន្ទាប់នៅរោងចក្រវារីអគ្គិសនី ជិងហុង (Jinghong) និងរោងចក្រវារីអគ្គិសនី ណួចាត៊ូ (Nuozhadu) របស់ក្រុមហ៊ុន ហួរណឹង ដោយបានអញ្ជើញ ទស្សនាទំនប់វារីអគ្គិសនី រោងចក្រអគ្គិសនីក្រោមដី បន្ទប់ប្រព័ន្ធលើកនាវា ភូមិផ្លាស់ទីលំនៅថ្មី ជាងថូ ម៉ាន់មី (Jiangtou Manmi) ព្រមទាំងស្ថានីយសង្គ្រោះសត្វព្រៃ ស្ថានីយបង្កាត់ ពូជ និងប្រលែងពូជត្រីកម្រ និងសួនរុក្ខជាតិកម្រជាដើម ដើម្បីស្វែងយល់យ៉ាងស៊ីជម្រៅអំពីស្ថានភាពនៃការអភិវឌ្ឍថាមពលវារីអគ្គិសនីក្នុងអាងទន្លេឡានឆាង ការការពារបរិស្ថានអេកូឡូស៊ី ការរៀបចំទីលំនៅថ្មីជូនប្រជាពលរដ្ឋ និងការបំពេញកាតព្វកិច្ចទទួលខុសត្រូវសង្គម។
តាមរយៈការចុះធ្វើទស្សនកិច្ចសិក្សាជាក់ស្តែងនេះ អ្នកជំនាញភាគីកម្ពុជាមានការយល់ ដឹងកាន់តែច្បាស់ និងកាន់តែជ្រាលជ្រៅចំពោះទស្សនទាននៃការអភិវឌ្ឍបៃតងរបស់ក្រុមហ៊ុន ចិនហួរណឹង ដែលប្រកាន់ខ្ជាប់នូវ «ការការពារក្នុងដំណើរការអភិវឌ្ឍ និងការអភិវឌ្ឍក្នុងដំណើរការការពារ»។ ទន្ទឹមនឹងនេះ ភាគីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុន ហួរណឹង សម្រេចបានក្នុងការជំរុញបរិវត្តកម្មថាមពលបៃតង ការពង្រឹងការការពារបរិស្ថានអេកូឡូស៊ី និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងមូលដ្ឋាន ព្រមទាំងសម្តែងនូវក្តីរំ ពឹងថាកម្ពុជា និងចិន នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យថាមពលបៃតងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
នៅក្នុងកិច្ចប្រជុំពិភាក្សា ភាគីទាំងពីរកម្ពុជា-ចិន បានផ្តោតលើប្រធានបទ «ការកសាង វប្បធម៌ និងការធ្វើសមាហរណកម្មជាមួយសហគមន៍នៃសហគ្រាសចិននៅកម្ពុជា ក្រោម ទស្សនវិស័យនៃសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី» ដោយបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅអំពីរបៀបដែលសហគ្រាសទុនវិនិយោគចិននៅកម្ពុជាអាចពង្រឹងការធ្វើសមាហរណកម្មវប្បធម៌ឱ្យកាន់តែជ្រាលជ្រៅ ការបំពេញកាតព្វកិច្ច ទទួលខុសត្រូវសង្គម និងការលើកកម្ពស់ការផ្សារភ្ជាប់បេះដូងរវាងប្រជាជន និងប្រជាជនជាដើម។
ព្រឹត្តិការណ៍នេះ បានបង្កើតឡើងបន្ថែមទៀតនូវវេទិកាសន្ទនាស្ថាប័នស្រាវជ្រាវ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនកម្ពុជា-ចិន ដោយបានកសាងនូវការយល់ឃើញរួមគ្នា និង បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមករវាងភាគីទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការថាមពលបៃតងឱ្យកាន់តែស៊ីជម្រៅ និងជំរុញឱ្យសហគ្រាសចិននៅកម្ពុជាធ្វើសមាហរណកម្មកាន់តែល្អប្រសើរជាមួយសង្គមក្នុងមូលដ្ឋាន ព្រមទាំងបានបញ្ជូលនូវកម្លាំងចលករវប្បធម៌ និងការគាំទ្រផ្នែកបញ្ញាថ្មីៗ ចូលទៅក្នុងការកសាង «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់ កាលៈទេសៈ ក្នុងយុគសម័យថ្មី»។








