ប្រធានាធិបតីបារាំងបញ្ជាក់ពីស្ថានភាពភ្លើងឆេះព្រៃធំៗនៅក្នុងប្រទេសគឺជាហេតុការណ៍ដ៏អាក្រក់មិនធ្លាប់ជួបប្រទះ និងថ្លែងសរសើរចំពោះស្មារតីនៃក្រុមជួយសង្រ្គោះទាំងអស់

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទៅទស្សនាតំបន់ Gironde ហើយបាននិយាយសរសើរដល់ក្រុមសង្គ្រោះបន្ទាន់ដែលកំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃធំៗនៅភាគនិរតីនៃប្រទេសបារាំង។ លោក Macron បាននិយាយថា ភ្លើងឆេះព្រៃនៅក្នុងតំបន់ Landes ជិតខាងនោះ ត្រូវបានគេគ្រប់គ្រងបានហើយ ខណៈដែលលក្ខខណ្ឌអាកាសធាតុនៅ Gironde នៅតែ «ពិបាកខ្លាំងណាស់»។ លោក Macron បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Bordeaux ថា «យើងកំពុងប្រឈមមុខនឹងហេតុការណ៍ដ៏អាក្រក់ដែលយើងមិនធ្លាប់ជួបប្រទះទេពីមុនមក។ លោកបាននិយាយថា អ្នកពន្លត់អគ្គីភ័យមកពីទូទាំងប្រទេសបារាំង មានកងកម្លាំងពន្លត់អគ្គីភ័យប្រហែល២០នាក់ សម្ភារៈពន្លត់អគ្គីភ័យតាមអាកាស និងបុគ្គលិកយោធាជាង ១៥០០នាក់ត្រូវបានគេដាក់ពង្រាយដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ។ លោក Macron បានសង្កត់ធ្ងន់ ដោយចង្អុលបង្ហាញពីគ្រោះរាំងស្ងួតខ្លាំង នៃគម្របព្រៃឈើ Landes និង Gascogne និងការបង្កើតពពកនៃសារធាតុ pyrocumulonimbus ដែលអាចផ្ទុកចំហេះធ្យូង និងក្លាយជាភ្លើងឆេះរាលដាលចម្ងាយឆ្ងាយបាន។ លោកបាននិយាយថា អាជ្ញាធរនឹងបន្តសម្របខ្លួនទៅនឹងការឆ្លើយតបរបស់ពួកគេ នៅពេលដែលមានលក្ខខណ្ឌវិវត្ត។ លោកបានសរសើរដល់ក្រុមពន្លត់អគ្គីភ័យដែលបានបញ្ឈប់ការរីករាលដាលនៃភ្លើងឆេះព្រៃនៅថ្ងៃចន្ទនេះ បន្ទាប់ពីអណ្តាតភ្លើងបានរាលដាលអស់រយៈពេលជាច្រើនថ្ងៃមកហើយ ឆ្ពោះទៅកាន់ទីក្រុង Bordeaux នៃតំបន់ផលិតស្រាដ៏ល្បីដែរ។ ប៉ុន្តែដោយសារព្រៃឈើនៅតែឆេះសន្ធោសន្ធៅ លោកប្រធានាធិបតី និងមន្ត្រីរដ្ឋាភិបាលដទៃទៀតបានព្រមានថា សមរភូមិនេះគឺយើងមិនទាន់ឈ្នះនៅឡើយទេ ដោយសារព្រៃឈើបានប្រែជាស្ងួតហួតហែង បង្ករជារលកកម្តៅឡើងវិញជាបន្តបន្ទាប់សម្រាប់ឆ្នាំនេះ និងការព្យាករណ៍មួយទៀតសម្រាប់សប្តាហ៍ដែរ៕

 

 

សម្រួលអត្ថបទ៖ សុផារិន្ទ