ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករ ក្នុងខេត្តពោធិសាត់
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករ ដោយសារកង្វះទឹកស្រោចស្រព និងពិនិត្យទ្វារទឹក ក្នុងភូមិចំការលើ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
យោងតាមការពិនិត្យជាក់ស្តែង ក្នុងចំណោមបណ្តាក្រុង-ស្រុក ក្នុងខេត្តពោធិ៍សាត់ គឺស្រុកបាកាន បានប៉ះពាល់ និងខូចខាតច្រើនជាងគេ។
អំឡុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានពិនិត្យឃើញថា ដំណាំស្រូវរបស់កសិករមិនអាចសង្គ្រោះបា ក្នុងរយៈពេលខ្លីនោះទេ ដោយសារទ្វារទឹកស្រោចស្រពមិនអាចមានលទ្ធភាព ក្នុងការបញ្ជូនទឹកស្រោចស្រពនោះទេ។
ឆ្លើយតបចំពោះស្ថានភាពនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងពីគោលការណ៍ និងវិធានការជួយសង្គ្រោះ ដើម្បីស្តារដំណាំស្រូវឡើងវិញ តាមរយៈស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ជាពូជស្រូវជូនកសិករ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងថា ចំពោះមុខ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសហការចុះអន្តរាគមន៍ទឹកឱ្យអស់ពីលទ្ធភាពពីប្រព័ន្ធធារាស្រ្តទាំងអស់ ព្រមទាំងមានវិធានការចាំបាច់ទៅលើការជួយបូមទឹកជូនកសិករផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ សហការគ្នាប្រមូលទិន្នន័យពីផលប៉ះពាល់ និងការខូចខាតឱ្យបានច្បាស់លាស់ ពិសេសដំណាំស្រូវនៅតំបន់ផ្សេងទៀតដែលអាចអន្តរាគមន៍ទឹកដោះស្រាយបាន គឺត្រូវវាយតម្លៃ និងកំណត់ពីវិធានការសង្គ្រោះស្រូវជូនប្រជាកសិករ។
សូមជម្រាបថា ខេត្តពោធិ៍សាត់ មានក្រុង និងស្រុកចំនួន៦ ដែលមានស្រូវប៉ះពាល់ និងខូចខាត ខណៈស្រុកបាកានមានស្រូវខូចខាតធ្ងន់ធ្ងរជាងគេចំនួន ៦,៩០៨ហិកតា៕







