គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ណយ បាយ រដ្ឋធានីហាណូយ ដោយសុវត្ថិភាព
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់រដ្ឋធានីហាណូយ ដោយសុវត្ថិភាព នៅរាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព រយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋសង្គម និយមវៀតណាម។
អញ្ជើញទទួលគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ ណយ បាយ ប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលបំផុត មានវត្តមាន លោកជំទាវ ង្វៀន ធីថាញ់ អនុប្រធានរដ្ឋសភាវៀតណាម និងឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភាវៀតណាមមួយចំនួនទៀត ព្រមទាំងវត្តមានរបស់ លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម និងសហការីជាច្រើននាក់ផងដែរ។
សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ រឹងមាំបន្ថែមទៀត ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
តាមគម្រោង នៅថ្ងៃទី២៨ ខែកក្កដា សម្តេចប្រធានរដ្ឋសភានឹង ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាបន្តបន្ទាប់រួមមាន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាមជួបសម្តែងការគួរសម ពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម ជាដើម៕







