មនុស្សសរុបជាង ២២០.០០០នាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ក្រោយភ្លើងឆាបឆេះព្រៃដ៏ធំនៅ Bordeaux ដែលធំជាងទីក្រុងប៉ារីស៤ដង

គ្រឿងចក្រធុនធ្ងន់កំពុងត្រូវបានប្រើប្រាស់ដើម្បីកាត់ដើមឈើ និង រុក្ខជាតិ នានានៅភាគនិរតីប្រទេសបារាំងកាលពីថ្ងៃអាទិត្យនេះ ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យបានបន្តប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដែលកំពុងរាលដាលនៅក្នុងតំបន់។ ភ្លើងឆេះព្រៃបានបង្ខំឱ្យមានការជម្លៀសមនុស្សចំនួន ៥៥,០០០នាក់ពេញមួយយប់ ដែលធ្វើឱ្យចំនួនជម្លៀសមនុស្សសរុបដោយបង្ខំចាកចេញពីផ្ទះរបស់ពួកគេកើនឡើងដល់ ២២០,០០០នាក់នៅក្នុងតំបន់តែមួយ ខណៈដែលអណ្តាតភ្លើងបានរសាត់ផាត់ទៅកាន់តែជិតទីក្រុង Bordeaux ដែលជាតំបន់ផលិតស្រាដ៏ល្បីមួយនៅក្នុងប្រទេសដែរ។ ខ្យល់បក់បោកខ្លាំង ក៏ដូចជាស្ថានភាពស្ងួតហួតហែង បានធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដ៏ធំដើម្បីកំណត់នូវស្ថានការរីករាលដាលនៃភ្លើងឆេះព្រៃកាន់តែធំធេងជាងមុន លើសពីការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋានចាប់តាំងពីពាក់កណ្តាលសប្តាហ៍នៃភ្លើងឆាបឆេះ នៅក្នុងតំបន់ Gironde របស់ប្រទេសបារាំង ជាកន្លែងដែលទីក្រុង Bordeaux ស្ថិតនៅដែរ។ អាជ្ញាធរបានចេញបញ្ជាឱ្យជម្លៀសមនុស្សពេញមួយយប់សម្រាប់តំបន់ចំនួន៥បន្ថែមទៀត នៅភាគនិរតីនៃទីក្រុងប្រវត្តិសាស្ត្រនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nunez បាននិយាយបន្ទាប់ពីអ្វីដែលលោកបានពិពណ៌នាថាជា “យប់ដ៏លំបាកមួយទៀត” សម្រាប់ក្រុមពន្លត់អគ្គីភ័យដែលកំពុងទប់ទល់ជាមួយវាពេញមួយម៉ោងប្រឆាំងនឹងភ្លើងឆេះព្រៃដែលឆាបឆេះតំបន់ដែលមានទំហំធំជាងទីក្រុងប៉ារីស៤ដងឯណោះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ