ក្រសួងព័ត៌មានចាប់ផ្តើមធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាព ចំណុះដើម្បីពង្រឹងរដ្ឋបាលសាធារណៈ លុបបំបាត់ភាពមិនប្រក្រតី និងលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងធនធានមនុស្ស

ភ្នំពេញ៖ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៃក្រសួងមុខងារសាធារណៈ បានចុះមកធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ របស់អង្គភាពចំណុះទីស្តីការក្រសួងព័ត៌មាន រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងប្រមូលទិន្នន័យឱ្យបានត្រឹមត្រូវ និងជាក់លាក់ សម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ដំណើរការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន គឺមានអញ្ជើញចុះពិនិត្យ និងតាមដាននៅទីតាំងផ្ទាល់ដោយ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការធ្វើជំរឿនមន្ត្រី។

សម្រាប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនាឱកាសនេះ មានការអញ្ជើញចូលរួមធ្វើជំរឿនផ្ទាល់ពី ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក ទីប្រឹក្សា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធអង្គភាពចំណុះក្រសួងព័ត៌មាន បានចូលរួមសហការអនុវត្ត និងបានបង្ហាញខ្លួនក្នុងពេលធ្វើជំរឿន។

ការធ្វើជំរឿននេះមានសារៈសំខាន់ក្នុងការផ្ទៀងផ្ទាត់ព័ត៌មានរបស់មន្ត្រីរាជការ និងប្រមូលទិន្នន័យជាក់ស្តែងអំពីធនធានមនុស្សនៅតាមអង្គភាពនីមួយៗ ដើម្បីឱ្យក្រសួងព័ត៌មានមានមូលដ្ឋានទិន្នន័យដែលអាចទុកចិត្តបាន សម្រាប់ការរៀបចំផែនការ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ ការអនុវត្តការងារនេះក៏ជាផ្នែកមួយនៃការជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្តោតលើការលុបបំបាត់ភាពមិនប្រក្រតី ការធានាភាពត្រឹមត្រូវនៃទិន្នន័យមន្ត្រីរាជការ និងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ដែរថា យោងតាមសារាចររបស់រាជរដ្ឋាភិបាលលេខ១១ សរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្ដីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ, ការធ្វើបច្ចុប្បន្នភាព និងជំរឿននាពេលនេះ មានគោលបំណងសំខាន់ៗចំនួន៤ គឺ៖ (១)-កំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិតនិងគ្រប់ប្រភេទរបស់ក្រសួងស្ថាប័ន (២)-កំណត់ឱ្យបានច្បាស់លាស់នូវមន្ត្រីដែលបាននិងកំពុងបំពេញការងារជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន (៣)-ធ្វើបច្ចុប្បន្នភាពនិងអភិវឌ្ឍប្រព័ន្ធទិន្នន័យតាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ សម្រាប់ការគ្រប់គ្រងរចនាសម្ព័ន្ធ និងមន្ត្រីនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន និង(៤)-កែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកផ្ដល់បៀវត្សដល់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្ដែង៕