អ្នកការទូតកំពូលរបស់ប្រទេសជប៉ុនថ្លែងសុន្ទរកថាបើកក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ASEAN+3 ដើម្បីធានាបាននូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ

លោក Toshimitsu Motegi (តូហ្ស៊ីមីសុ ម៉ូតេហ្គី) រដ្ឋមន្ត្រីការបរទេសជប៉ុន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូក៣ នៅថ្ងៃព្រហស្បតិ៍នេះ នៅទីក្រុងម៉ានីល រួមជាមួយសមភាគីចិន និងកូរ៉េខាងត្បូងរបស់លោកដែរ។ លោក Motegi បានថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំរបស់លោកថា “ជប៉ុនមានបំណងអនុវត្តតួនាទីរបស់ខ្លួនយ៉ាងពេញលេញ ដើម្បីធានាបាននូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការជំរុញ និងបញ្ជ្រាបនូវ AOIP ឬ (ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក)។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Motegi បានចូលរួមក្នុងកិច្ចប្រជុំប្រទេសមហាអំណាច៤ ឬ Quad ដែលក្នុងអំឡុងពេលនោះ លោកបានចែករំលែកនូវការប្រឆាំងយ៉ាងខ្លាំងចំពោះការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំង ឬការបង្ខិតបង្ខំ និងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការគ្រប់គ្រងនៃការនាំចេញរ៉ែសំខាន់ៗ និងទំនិញផ្សេងទៀត។ លោកបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា “យើងគួរតែប្រើប្រាស់សក្តានុពលនៃក្របខ័ណ្ឌអាស៊ានបូកប៣ឲ្យបានពេញលេញ ដើម្បីដោះស្រាយបញ្ហាដូចជា សន្តិសុខថាមពល សន្តិសុខស្បៀងអាហារ ប្រជាជនវ័យចំណាស់ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាដើម។ រដ្ឋាភិបាលជប៉ុនកាលពីដើមសប្តាហ៍នេះ បានលើកឡើងពីការព្រួយបារម្ភស្តីអំពីសមយុទ្ធបាញ់គ្រាប់ពិតដោយនាវាពិឃាតចិននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន នៅឯកោះ Okinotori (អូគីណូតូរី) ចុងភាគខាងត្បូងរបស់ជប៉ុន ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកថែមទៀតផង៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ