រដ្ឋមន្ត្រីក្រសួងព័ត៌មាន អបអរសាទរនូវភាពជោគជ័យរបស់លោក ទីវ តារារិទ្ធ ដែលជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកាបានជាង ២៦ម៉ឺនដុល្លារ ជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរសាទរ និងកោតសរសើរចំពោះលោក ទីវ តារារិទ្ធ អ្នកជិះកង់ជនជាតិកម្ពុជា ដែលបានបញ្ចប់បេសកកម្មជិះកង់ឆ្ពោះទៅទ្វីបអឺរ៉ុបដោយជោគជ័យ និងអាចរៃអង្គាសថវិកាបានជាង ២៦ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។

ការថ្លែងកោតសរសើរ និងអរគុណនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានទទួលជួប លោក ទីវ តារារិទ្ធិ ដែលជាអ្នកជិះកង់កង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន ។

ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកសកម្មភាពរបស់លោក ទីវ តារារិទ្ធ ថាជាគំរូដ៏ល្អនៃស្មារតីសប្បុរសធម៌ ការលះបង់ និងការប្រើប្រាស់កីឡាជាមធ្យោបាយក្នុងការបំផុសការចូលរួមពីសាធារណជន ដើម្បីជួយដល់វិស័យសុខាភិបាល និងសង្គ្រោះជីវិតកុមារកម្ពុជា។

ជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក ទីវ តារារិទ្ធ ដែលបានលះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្ត ជិះកង់ធ្វើដំណើរឆ្លងកាត់ប្រទេស ជាច្រើននៅលើពិភពលោក ចាប់ពីទ្វីបអាស៊ីរហូតដល់ទ្វីបអាហ្វ្រិក លើចម្ងាយផ្លូវដ៏វែងឆ្ងាយក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ដើម្បីកៀរគរថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យកុមារអង្គរ។

បេសកកម្មដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការលះបង់យ៉ាងធំធេងរបស់ លោក ចំពោះការងារមនុស្សធម៌ និងកិច្ចការងារសង្គម ជាពិសេសដើម្បីគាំទ្រដល់បេសកកម្មជួយសង្គ្រោះ ជីវិតទារក និងកុមារ ដែលត្រូវការសេវាពិនិត្យ និងព្យាលបាល ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និង មិនមានការរើសអើង។

សមិទ្ធផលដែលលោក ទីវ តារារិទ្ធ សម្រេចបាន មិនត្រឹមតែបង្ហាញពីភាពអត់ធ្មត់ និងឆន្ទៈមុតមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់កិត្តិយសជាតិ និងផ្សព្វផ្សាយពីទឹកចិត្តមនុស្សធម៌របស់ប្រជាជនកម្ពុជាទៅកាន់អន្តរជាតិផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជូនពរឱ្យលោក ទីវ តារារិទ្ធ ទទួលបានជោគជ័យបន្ថែមទៀតក្នុងបេសកកម្មមនុស្សធម៌នាពេលអនាគត និងបន្តជំរុញស្មារតីចែករំលែក និងការចូលរួមជួយសង្គមឱ្យកាន់តែរីកសាយភាយ។

គូរបញ្ជាក់ដែរថា លោក ទីវ តារារិទ្ធិ បានជិះកង់ចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ និងមកដល់ខេត្តសៀមរាបវិញនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងរយៈចម្ងាយផ្លូវ ៦០ ០០០គីឡូម៉ែត្រ ឆ្លងកាត់ ៤០ប្រទេស ហើយបានរៃអង្គាសថវិកាបានចំនួនជាង ២៦មុឺនដុល្លារសហរដ្ឋអាមេរិកសម្រាប់ផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរនិងមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ឧបត្ថម្ភ និងទ្រទ្រង់ដល់ការពិនិត្យព្យាបាល និងថែទាំសុខភាពកុមារ។

ចំពោះថវិកាទាំងអស់នឹងត្រូវបែងចែកស្មើៗគ្នាជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ខណៈព័ត៌មានលម្អិតនឹងត្រូវប្រកាសនៅក្នុងសន្និសីទសារព័ត៌មានដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន ហើយលោកនឹងចែករំលែករឿងរ៉ាវជាច្រើន ដែលមិនធ្លាប់ត្រូវបានផ្សព្វផ្សាយពីមុន អំពីដំណើរផ្សងព្រេងរយៈពេល ២ឆ្នាំ ព្រមទាំងថ្លែងអំណរគុណជាសាធារណៈដល់ម្ចាស់ជំនួយ អ្នកគាំទ្រ និងក្រុមហ៊ុនឯកជន ដែលបានរួមចំណែកធ្វើឱ្យបេសកកម្មនេះទទួលបានជោគជ័យ៕