ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង និយ័តករធានារ៉ាប់រងកម្ពុជា និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក
និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង និយ័តករធានារ៉ាប់រងកម្ពុជា និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក នៅព្រឹកថ្ងៃទី២១ ខែ កក្ដដា ឆ្នាំ២០២៦ នៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមវត្តមានឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង និយ័តករធានារ៉ាប់រងកម្ពុជា និង សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក ក្នុងឱកាសនេះ គឺជាជំហានវិជ្ជមានមួយសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងវិស័យធានារ៉ាប់រងនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកទ្បើងថានិយ័តករធានារ៉ាប់រងកម្ពុជា មានតួនាទីសំខាន់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យវិស័យធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាឱ្យការផ្តល់សេវាធានារ៉ាប់រងប្រព្រឹត្តទៅដោយតម្លាភាព ប្រសិទ្ធភាព និងស្របតាមច្បាប់ជាធរមាន។ ក្រោមការគ្រប់គ្រងរបស់ និយ័តករសេវាហិរញ្ញវត្ថុមិនមែនធនាគារ វិស័យធានារ៉ាប់រងបានបន្តអភិវឌ្ឍ និងរួមចំណែកក្នុងការពង្រឹងស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស។ ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង និយ័តករធានារ៉ាប់រងកម្ពុជា និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក មានអត្ថប្រយោជន៍ដូចជា៖
១/អភិវឌ្ឍធនធានមនុស្ស ដោយនិស្សិតទទួលបានចំណេះដឹងទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើវិស័យធានារ៉ាប់រង។
២/ពង្រឹងគុណភាពអប់រំ តាមរយៈការចែករំលែកបទពិសោធន៍ពីអ្នកជំនាញ និងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឱ្យស្របនឹងតម្រូវការទីផ្សារ។
៣/ជំរុញការយល់ដឹងអំពីធានារ៉ាប់រង ដល់និស្សិត និងសាធារណជន ដែលអាចជួយលើកកម្ពស់វប្បធម៌នៃការគ្រប់គ្រងហានិភ័យ។
៤/បង្កើតឱកាសការងារ តាមរយៈកម្មសិក្សា ការបណ្តុះបណ្តាល និងការភ្ជាប់និស្សិតជាមួយវិស័យការងារពាក់ព័ន្ធ។
៥/គាំទ្រការអភិវឌ្ឍវិស័យធានារ៉ាប់រង ដោយមានបុគ្គលិកជំនាន់ថ្មីដែលមានសមត្ថភាព និងជំនាញឆ្លើយតបនឹងការរីកចម្រើនរបស់វិស័យ៕






