មន្ទីរសាធារណការខេត្ត ចុះជួសជុលផ្លូវដែលកាត់ផ្ដាច់ដោយទឹកជំនន់ជាច្រើនកន្លែងនៅស្រុកឯកភ្នំ

ខេត្តបាត់ដំបង ៖ ក្រោយពីទទួលរង ដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យផ្លូវថ្នល់ជាច្រើនកន្លែងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ពេលនេះមន្ទីរជំនាញ ចុះធ្វើការជួសជុលឡើងវិញហើយ បន្ទាប់ពីផ្លូវទាំងនេះត្រូវបានដាច់ដោយមិនអាចឲ្យរថយន្តធ្វើដំណើរឆ្លងកាត់បាន។

គួរបញ្ជាក់ដែរថា ប្រមាណជិតមួយសប្តាហ៍កន្លងទៅនេះ ជំនន់ទឹកស្ទឹងសង្កែ បានហក់ឡើងយ៉ាងខ្លាំងស្ទើរតែដល់កម្រិតដែលត្រូវប្រកាសអាសន្ន ហើយទឹកស្ទឹងក៏បានហូរចូលទៅតាមភូមិដ្ឋាន និងបង្កឲ្យលិចលង់ដល់ស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជាស្ពានថ្នល់ជាដើម។

នៅក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទឹកស្ទឹងបានហូរកាត់ផ្លូវជាច្រើនកន្លែងសរុបប្រមាណ ៥គីឡូម៉ែត្រ ព្រមទាំងបានច្រោះផ្ដាច់ផ្លូវចំនួន ៣កន្លែងធំៗថែមទៀតផង ដែលការច្រោះដាច់ផ្លូវនេះបង្កឲ្យមានការស្ទះចរាចរណ៍ ព្រោះតែរថយន្តមិនអាចឆ្លងកាត់បាន ៣កន្លែងសរុបប្រមាណ ៤០ ម៉ែត្រ។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានដាក់កម្លាំងជំនាញ និងគ្រឿងចក្រ ចុះធ្វើការជួសជុល ដោយបង្កប់លូជាច្រើនកង់ លើផ្លូវដែលដាច់ទាំង ៣កន្លែង និងចាក់ក្រួសដើម្បីសម្រួលឲ្យប្រជាពលរដ្ឋ បានធ្វើការឆ្លងកាត់ ជាធម្មតាឡើងវិញ។ ដោយឡែកនៅក្នុងចន្លោះដែលទឹកហូរកាត់ប្រវែង ៥គីឡូម៉ែត្រនោះ ក៏មានទីតាំងខ្លះតម្រូវឲ្យក្រុមជំនាញធ្វើការសម្រួលឲ្យផ្លូវថ្នល់បានរាបស្មើ និងធ្វើចរាចរណ៍បានងាយស្រួល។

លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា រហូតមកដល់ល្ងាចថ្ងៃដដែល ក្រុមមន្ត្រីជំនាញបានធ្វើការជួសជុលរួចរាល់ជាស្ថាពរ និងបានបើកឱ្យប្រជាពលរដ្ឋសិស្សានុសិស្សនៅក្នុងតំបន់នោះធ្វើចរាចរណ៍ឆ្លងកាត់បានហើយ ហើយហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយទឹកជំនន់នៅមានជាច្រើនកន្លែងទៀត មិនមែនមានតែចំពោះស្រុកឯកភ្នំប៉ុណ្ណឹងទេ ដូច្នេះការងាររបស់មន្ទីរត្រូវចុះត្រួតពិនិត្យ និងក្តាប់របាយការណ៍ ដើម្បីចុះជួសជុលឲ្យទាន់សភាពការណ៍ដូចជានៅស្រុកសំឡូតជាដើម៕