ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់ប្រជាកសិករនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងអំពីស្ពានចំលងដែលមានប្រសិទ្ធភាពដើម្បីតភ្ជាប់ទៅរកប្រភពហិរញ្ញវត្ថុ បច្ចេកទេសនិងទីផ្សារ របស់សមាគមបណ្តាញកសិករតេជោ

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការីនៅរសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបពិភាក្សាជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនិងបានជម្រាបជូនព័ត៍មានអំពីអត្ថប្រយោជន៍នៃការចូលជាសមាជិកសមាគមបណ្តាញកសិករតេជោជាពិសេសការតភ្ជាប់ទៅរកប្រភពហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។

ពិធីជួបជុំនិងសំណេះសំណាលនេះ ក៏មានការញ្ជើញចូលរួមផងដែរពី លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកអភិបាលស្រុកទឹកផុស, អ្នកជំនាញ វារីវប្បកម្ម, សាកវប្បកម្ម, មេភូមិ មេឃុំ, និងប្រជាកសិករមកពីឃុំទាំង ៩នៃស្រុកទឹកផុស សរុបប្រមាណ ៣០០រូប។

ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមសមាគមបណ្តាញកសិករតេជោបានប្រសាសន៍លើកឡើងអំពីគុណតម្លៃសំខាន់ៗរបស់សមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងធ្វើជាស្ពានចំលងកសិករទៅរកប្រភពហិរញ្ញវត្ថុ, បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ, និងចំលងសំឡេងកង្វល់របស់កសិករទៅដល់ថ្នាក់ដឹកនាំ និងជាខែលការពារប្រជាកសិករ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអំពាវនាវនិងស្នើឱ្យបងប្អូនប្រជាកសិករទាំងអស់ មុននឹងចាប់ផ្តើមការងារបង្កបង្កើនផលកសិកម្ម មិនថាតែការដាំដុះដំណាំ ឬការចិញ្ចឹមសត្វនោះទេ ត្រូវយកចិត្តទុកដាក់ និងតាមដានការព្យាករណ៍អាកាសធាតុឱ្យបានដិតដល់បំផុត ដោយសារតែបច្ចុប្បន្នពិភពលោកក៏ដូចជាកម្ពុជាយើងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីបាតុភូតប្រែប្រួលអាកាសធាតុអែលនីញ៉ូ (El Niño) ដែលបង្កឱ្យមានអាកាសធាតុក្តៅហួតហែងខ្លាំង និងកង្វះខាតទឹកជាដើម។

ឯកឧត្តមបណ្ឌិតប្រតិភូនៅក្នុងជំនួបនឹងប្រជាកសិករបានជំរុញឱ្យប្រជាកសិករត្រូវមានការប្រុងប្រយ័ត្នចំពោះព័ត៍មានលើបណ្តាញសង្គមអំពីតម្លៃស្រូវថាខាត ដោយកុំទាន់ជឿ គឺត្រូវតាមដានសិនថាតើខាតស្រូវប្រភេទណា? ស្រូវដែលខាតមិនមែនស្រូវ ខាតនេះដោយសារយើងដាំស្រូវមិនត្រូវនិងតម្រូវការទីផ្សារ។

បន្ថែមពីនេះឯកឧត្តមបណ្ឌិតបានប្រសាសន៍រំលឹកជូនកសិករថា បច្ចុប្បន្ននេះតាមរយៈធ្វើការជាប្រចាំជាមួយសហព័ន្ធស្រូវអង្ករ បានឱ្យដឹងថា ពូជស្រូវដែលកំពុងលក់ដាច់ជាងគេនៅលើទីផ្សារមាន ៤ ប្រភេទ ប្រភេទ៖ ទី១ គឺពូជស្រូវស្រងែ ទី២ ពូជសែនក្រអូប ទី៣ ពូជផ្ការំដួល និងទី៤ ពូជស្រូវយកពីគេ គឺពូជស្រូវ OM 54-51 ដែលកំពុងដើរតួចិញ្ចឹមឆ្នាំងបាយពិភពលោក៕