អ្នកនាំពាក្យក្រសួងព័ត៌មាន ក្រើនរំលឹកមន្ត្រីមន្ទីរព័ត៌មានខេត្តប៉ៃលិន ឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់លើការងារព័ត៌មាន និងសាធារណមតិ
ប៉ៃលិន៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើកិច្ចការសាធារណមតិ ដោយមិនត្រូវមានការធ្វេសប្រហែសដាច់ខាត ទោះបីស្ថានភាពទូទៅស្ថិតក្នុងភាពប្រក្រតីក្តី ព្រោះព័ត៌មានក្លែងក្លាយ និងការបំពុលសង្គម អាចកើតឡើងគ្រប់វិនាទី។ ការគ្រប់គ្រងសភាពការណ៍បានលឿន ចាប់ផ្តើមចេញពីការដឹងមុន និងការត្រៀមលក្ខណៈជានិច្ច។
ការជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាស ដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តប៉ៃលិន ព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តជាច្រើនរូប។
តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ឱ្យបន្តធ្វើការងារតាមបែបបុរេសកម្ម ដោយផ្សព្វផ្សាយព័ត៌មានពិតពីការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សក្តានុពលទេសចរណ៍របស់ខេត្ត ឱ្យបានទូលំទូលាយតាមរយៈគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់មន្ទីរឱ្យកាន់តែសកម្មថែមទៀត។
ជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ ឯកឧត្តមអ្នកនាំពាក្យបានណែនាំឱ្យមន្ទីរព័ត៌មានខេត្តប៉ៃលិន ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មានទាំងក្នុង និងក្រៅមូលដ្ឋាន ដើម្បីធានាបាននូវការផ្តល់ព័ត៌មានពិតប្រកបដោយវិជ្ជាជីវៈ និងទំនុកចិត្ត។ ការផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយពីសំណាក់អាជ្ញាធរ មិនត្រឹមតែជួយសម្រួលដល់ការបំពេញការងាររបស់អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្ការកុំឱ្យមានការចុះផ្សាយព័ត៌មានមិនត្រឹមត្រូវ ដែលអាចឈានទៅដល់ការប្រឈមមុខផ្លូវច្បាប់ទៀតផង។
ក្នុងឱកាសនោះ ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានខេត្តប៉ៃលិន ពង្រឹងការផលិតព័ត៌មានឱ្យបានផុលផុស។ ឯកឧត្តមបានសង្កត់ធ្ងន់លើការលើកកម្ពស់សក្តានុពលខេត្ត តាមរយៈការផលិតវីដេអូស្តីពីវិស័យទេសចរណ៍ រឿងរ៉ាវប្រវត្តិសាស្ត្រ ឬអក្សរសិល្ប៍នានា ដើម្បីផ្សព្វផ្សាយឱ្យទូលំទូលាយ។
លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានទទួលយកអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួង ដើម្បីយកទៅអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរ។ លោកយល់ថា កិច្ចប្រជុំតម្រង់ទិសនេះ នឹងផ្តល់នូវចំណេះដឹង និងជំនាញបន្ថែមដល់មន្ត្រីរាជការ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក៏ដូចជាការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៅខេត្តប៉ៃលិនបានយ៉ាងរហ័ស និងទាន់ពេលវេលា៕







