កម្ពុជា និង UN បើកកិច្ចប្រជុំភាគីពាក់ព័ន្ធថ្នាក់ជាតិស្ដីពីការបង្ការនិងការអប់រំអំពីការប្រើប្រាស់គ្រឿងញៀន
រាជធានីភ្នំពេញ ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំបាត់ដំបងក្រសួងមហាផ្ទៃមានបើកកិច្ចប្រជុំភាគីពាក់ព័ន្ធថ្នាក់ជាតិស្ដីពីការបង្ការនិងការអប់រំអំពីការប្រើប្រាស់គ្រឿងញៀននៅកម្ពុជាក្រោមអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី លីលី ជាង (Li li Jiang) តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម(UNODC)ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនិងការងាររបស់UNODCដែលកិច្ចប្រជុំនេះមានរយ:ពេល០៣ថ្ងៃចាប់ពីថ្ងៃ២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកស្រី លីលី សាង (Li li Sang ) បានមានប្រសាសន៍ថ្លែងអំណរគុណដល់ភាគីកម្ពុជាដែលបានចូលរួមចំណែកសហការក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសក្នុងក្របខណ្ឌបណ្ដាប្រទេសមហាអនុតំបន់ទន្លេមេគង្គ ហើយរាល់ធាតុចូលនានានៃកិច្ចប្រជុំនេះគឺជាធាតុចូលសម្រាប់យកទៅចងក្រងជាឯកសារសម្រាប់បម្រើដល់ការងារផ្សព្វផ្សាយអប់រំបង្ការបញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀន។ ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍របស់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងនូវការអរគុណជូនដល់ក្រុមការងារ UNODC ដែលតែងតែជួយសម្របសម្រួលគាំទ្រដល់សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ខណៈស្ថានភាពពិភពលោកបច្ចុប្បន្នមានហានិភ័យខ្ពស់ និងមិនប្រាកដប្រជាដោយសារសង្គ្រាមជម្លោះតំបន់និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលបង្កឱកាសឱ្យក្រុមឧក្រិដ្ឋជនពង្រីកបណ្តាញផលិតនិងចរាចរគ្រឿងញៀនខុសច្បាប់ជាពិសេសនៅតំបន់ត្រីកោណមាស ។ បទល្មើសគ្រឿងញៀនសកលនាពេលបច្ចុប្បន្នកំពុងធ្វើសកម្មភាពជាក្រុមប្រដាប់អាវុធមានអង្គការចាត់តាំងច្បាស់លាស់ និងមានបណ្តាញ ចាក់ស្រេះ ដែលពិបាកក្នុងការបង្ក្រាបឱ្យដល់ឫសគល់។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តថា កម្ពុជានៅតែរងឥទ្ធិពលនិងការគំរាម កំហែងគ្រឿងញៀនពីតំបន់ត្រីកោណមាស យោងតាមទិន្នន័យបង្ក្រាបក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ ជនល្មើសតែងតែលបលួចចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែនគោកនៃប្រទេសឡាវនិងប្រទេសថៃ ដែល សមត្ថកិច្ចកម្ពុជាតែងធ្វើការទប់ស្កាត់ បង្រ្កាបហើយការងារផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនយើងបាននិងកំពុងអនុវត្តយ៉ាងសកម្មនៅតាមសាលារៀន សហគមន៍ កន្លែងធ្វើការដោយផ្តោតប្រជាពលរដ្ឋទូទៅនិងក្រុមគោលដៅប្រឈមខ្ពស់។






