សមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី១៩ មានសទ្ធាដ៏ជ្រះថ្លានាំយកទៀនព្រះវស្សា បច្ច័យបួន និងទេយ្យទាន ប្រគេនព្រះសង្ឃនៅវត្តអង្គពោធិញាណ

នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ សមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី១៩ បានមូលមតិជាឯកច្ឆន្ទនាំយកទៀនព្រះវស្សា  បច្ច័យបួន និងតេយ្យទាន យកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាសនៅវត្តអង្គពោធិញាណ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី១៩ បានប្រគេនដល់ព្រះគ្រូសិរីធិវង្ស ស៊ូ ចាន់ណារិន ព្រះចៅអធិការវត្តអង្គពោធិញាណ  ។ សម្ភារៈរួមមានទៀន​ព្រះវស្សា សំពតសាដក  មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ ទឹកផ្លែឈើ និងអង្ករ ព្រមទាំងបច្ច័យមួយចំនួន ដែលជាការចូលរួមរបស់សមណនិស្សិត និស្សិតប្រកបដោយទឹកចិត្តជ្រះថ្លា និងគុណប្រយោជន៍ ក្នុងការជួយលើក​​តម្កើងវិស័យព្រះពុទ្ធសាសនាឲ្យបានថ្កុំថ្កើង។

នេះជាសណ្តានចិត្តដ៏ជ្រះថ្លារបស់និស្សិតគ្រប់រូប ដែលបានយកចិត្តទុកដាក់ដល់វត្តអារាមនានា និងលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដើម្បីទីអារាមនីមួយៗ មានលទ្ធភាពគោរពបូជាចំពោះព្រះរតនត្រ័យ និងការជួយលើកកម្ពស់ជីវភាពព្រះសង្ឃ ដើម្បីព្រះសង្ឃបានបំពេញកិច្ចទៅតាមព្រះធម៌វិន័យជាព្រះឱវាទដ៏ថ្លៃថ្លារបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ។

ព្រមជាមួយនេះ ព្រះគ្រូសិរីធិវង្ស ស៊ូ ចាន់ណារិន ព្រះចៅអធិការវត្តអង្គពោធិញាណ មានសទ្ធាដ៍ថ្លៃថ្លាក្នុងការជួយឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំណែករបស់ព្រះអង្គ ដែលបានមកពីនិស្សិតជំនាន់ទី១៩ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ជូនដល់វីរកងទ័ពជួរមុខតំបន់ព្រះវិហារ និងតំបន់ភ្នំខ្មោច ព្រមទាំងបានផ្តាំផ្ញើសាកសួរសុខទុក្ខដល់វីរកងទ័ពជួរមុខ តាមរយៈតំណាងដែលជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី១៩ ដើម្បីយកទៅប្រគល់ផ្ទាល់ដៃដល់វីរកងទ័ពតំបន់ព្រះវិហារ និងតំបន់ភ្នំខ្មោចផងដែរ។

សូមជម្រាបថា បន្ទាប់ពីនាំយកទៀន​ព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន យកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាសនៅវត្តអង្គពោធិញាណ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញនេះរួចមក និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី១៩ នឹងនាំយកទៀន​ព្រះវស្សា   និងទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួនទៀត យកទៅវេរប្រគេនព្រះសង្ឃនៅវត្តដីក្រហម ស្ថិតនៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ជាបន្តទៀត៕