ពិពិធកម្មសាសនោវាទ ដើម្បីនិម្មាបនកម្មវដ្តជីវិត៖ ការអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅកាន់ភាពជាពលរដ្ឋសកល តាមព្រះពុទ្ធមាគ៌ា
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៤ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សហការជាមួយសមាគមអប់រំសីលធម៌អន្តរជំនាន់ ពុទ្ធិកសមាគមកម្ពុជរដ្ឋ និងក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ ក្រោមការគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំវេទិកាស្តីពី «ពិពិធកម្មសាសនោវាទ ដើម្បីនិម្មាបនកម្មវដ្តជីវិត» នៅវិទ្យាល័យជាស៉ីម ជ្រោយចង្វា។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ឺ វិរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃស.ស.យ.ក. និងលោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន តំណាងលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង ១២០ រូប។កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីតម្លៃនៃព្រះពុទ្ធសាសនា វប្បធម៌ និងប្រវត្តិសាស្ត្រជាតិ ព្រមទាំងជំរុញការអនុវត្តគោលធម៌ក្នុងជីវិតប្រចាំថ្ងៃ ដើម្បីកសាងបុគ្គលដែលមានចំណេះដឹង សមត្ថភាព សីលធម៌ និងការទទួលខុសត្រូវចំពោះសង្គម។ ទន្ទឹមនឹងនេះ កម្មវិធីមានគោលបំណងបង្កើតវេទិកាឱ្យសិស្សានុសិស្ស និងយុវជន បានស្តាប់ ចែករំលែក និងផ្លាស់ប្តូរទស្សនៈជាមួយថ្នាក់ដឹកនាំ អ្នកជំនាញ និងព្រះសង្ឃ អំពីការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់សុខភាពផ្លូវចិត្ត ការថែរក្សាអត្តសញ្ញាណជាតិ និងការត្រៀមខ្លួនឱ្យក្លាយជាពលរដ្ឋសកលដែលមានឫសគល់រឹងមាំលើគុណតម្លៃខ្មែរ។
កម្មវិធីបានចាប់ផ្តើមដោយ របាយការណ៍របស់លោក អ៊ុក ប៊ុណ្ណារឹទ្ធិ នាយកជាស៉ីម ជ្រោយចង្វា ស្តីពីសារៈសំខាន់នៃការផ្សារភ្ជាប់ការអប់រំផ្នែកចំណេះដឹងជាមួយការអប់រំសីលធម៌ ដើម្បីកសាងសិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋដែលមានគុណភាព។
បន្ទាប់មក ឯកឧត្តម ហ៊ឺ វិរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងសុន្ទរកថាបើកកម្មវិធី ដោយបានគូសបញ្ជាក់ថា ការជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ គឺជាបេសកកម្មដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស និងពង្រឹងអត្តសញ្ញាណជាតិ។ ការថែរក្សាវប្បធម៌ និងព្រះពុទ្ធសាសនា មិនមែនជាការថែរក្សាមរតកពីអតីតកាលតែប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តុះតម្លៃផ្លូវចិត្ត សីលធម៌ ស្មារតីស្នេហាជាតិ និងទំនួលខុសត្រូវសង្គមដល់យុវជនជំនាន់ក្រោយ។ ក្នុងបរិបទនៃសកលភាវូបនីយកម្ម និងបដិវត្តន៍ឌីជីថល យុវជនត្រូវមានទាំងចំណេះដឹង ជំនាញ និងសមត្ថភាពប្រកួតប្រជែង ខណៈដែលត្រូវប្រកាន់ខ្ជាប់នូវគុណតម្លៃជាតិ សីលធម៌ និងអរិយធម៌ខ្មែរ ដើម្បីក្លាយជាពលរដ្ឋដែលមានគុណភាព និងមានស្មារតីបម្រើជាតិ។ឯកឧត្តមក៏បានជំរុញឱ្យយុវជនសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ វប្បធម៌ និងព្រះពុទ្ធសាសនា យកមកអនុវត្តក្នុងការកសាងខ្លួន កសាងគ្រួសារ និងរួមចំណែកកសាងសង្គមប្រកបដោយសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងបទអន្តរាគមន៍របស់ លោក ទូច ម៉ៃ ស្តីពី «គុណតម្លៃព្រះត្រៃបិដកខ្មែរ» លោកបានលើកឡើងថា ព្រះត្រៃបិដកខ្មែរ គឺជាមរតកបញ្ញាដ៏ឧត្តុង្គឧត្តម និងជាឃ្លាំងនៃចំណេះដឹងដ៏សម្បូរបែប ដែលប្រមូលផ្តុំនូវព្រះពុទ្ធវចនៈ គោលការណ៍សីលធម៌ ទស្សនវិជ្ជាជីវិត និងប្រាជ្ញាដែលព្រះសម្មាសម្ពុទ្ធបានត្រាស់សម្ដែង សម្រាប់ការអប់រំ និងដឹកនាំមនុស្សឱ្យរស់នៅប្រកបដោយសុចរិតធម៌ បញ្ញា និងសន្តិភាព។ ព្រះត្រៃបិដក មិនមែនគ្រាន់តែជាគម្ពីរសម្រាប់ព្រះសង្ឃសិក្សាតែប៉ុណ្ណោះទេ ប៉ុន្តែជាប្រភពចំណេះដឹងដែលប្រជាពលរដ្ឋគ្រប់រូបអាចសិក្សា និងយកមកអនុវត្តក្នុងការកសាងខ្លួន កសាងគ្រួសារ និងកសាងសង្គម។ តម្លៃនៃព្រះត្រៃបិដកបានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះគុណធម៌ វិន័យ ស្មារតីអហិង្សា ការអត់ធ្មត់ ការដឹងគុណ និងការរស់នៅដោយសុខដុមរមនា ដែលជាគ្រឹះនៃអរិយធម៌ និងវប្បធម៌ខ្មែរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ លោកក៏បានលើកទឹកចិត្តឱ្យយុវជនជំនាន់ក្រោយ ស្វែងយល់ និងសិក្សាព្រះត្រៃបិដកខ្មែរ ឱ្យបានកាន់តែស៊ីជម្រៅ ដើម្បីយកប្រាជ្ញាព្រះពុទ្ធមកអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន បណ្តុះមនសិការសង្គម ពង្រឹងអត្តសញ្ញាណជាតិ និងរួមចំណែកថែរក្សាមរតកវប្បធម៌ ព្រះពុទ្ធសាសនា និងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានសមាគមសីលធម៌អន្តរជំនាន និងជាអនុប្រធានប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជាបានធ្វើបទអន្តរាគមន៍លើប្រធានបទ «ការអភិវឌ្ឍមូលធនមនុស្ស ដើម្បីក្លាយជាពលរដ្ឋសកលតាមព្រះពុទ្ធមាគ៌ា» ដោយបានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្ស មិនអាចផ្អែកលើចំណេះដឹង និងជំនាញតែមួយមុខបានឡើយ ប៉ុន្តែត្រូវអភិវឌ្ឍទាំង បញ្ញា សីលធម៌ ឥរិយាបថ និងមនសិការ។ ពលរដ្ឋសកលពិតប្រាកដ គឺជាបុគ្គលដែលមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ ខណៈពេលដែលនៅតែប្រកាន់ខ្ជាប់អត្តសញ្ញាណជាតិ គោរពវប្បធម៌ សាសនា និងមានការទទួលខុសត្រូវចំពោះសង្គម និងមនុស្សជាតិ។ព្រះពុទ្ធសាសនាបានផ្តល់នូវមាគ៌ាដ៏មានតម្លៃសម្រាប់ការកសាងមនុស្ស តាមរយៈ សច្ចៈ ខន្តី និងកត្តញ្ញូ ដែលជាគ្រឹះនៃការកសាងមូលធនសីលធម៌។ មនុស្សដែលមានចំណេះដឹង តែខ្វះសីលធម៌ អាចក្លាយជាគ្រោះថ្នាក់សម្រាប់សង្គម។ ផ្ទុយទៅវិញ មនុស្សដែលមានទាំងបញ្ញា គុណធម៌ និងទំនួលខុសត្រូវ នឹងក្លាយជាធនធានដ៏មានតម្លៃសម្រាប់ជាតិ និងជាពលរដ្ឋសកលដែលអាចរស់នៅជាមួយមនុស្សគ្រប់វប្បធម៌ដោយសុខដុមរមនា។ ខ្ញុំបានសង្កត់ធ្ងន់ថា ការអប់រំពិតប្រាកដ មិនមែនត្រឹមតែបង្កើតមនុស្សដែល “ពូកែធ្វើការ” ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតមនុស្សដែល “ពូកែធ្វើល្អ” ផងដែរ។ ពេលដែលមូលធនមនុស្សត្រូវបានកសាងលើមូលដ្ឋាន បញ្ញា ជំនាញ សីលធម៌ និងសម្បទាទាំងប្រាំរបស់ពលរដ្ឋសកល នោះកម្ពុជានឹងមានធនធានមនុស្សដែលអាចប្រកួតប្រជែងលើឆាកអន្តរជាតិ ខណៈពេលដែលនៅតែរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងតម្លៃដ៏ថ្លៃថ្នូររបស់ជាតិ។
បន្ទាប់មក ព្រះពលកោសល ហួន សេងហាក់ បានធ្វើបទអន្តរាគមន៍លើប្រធានបទ «ការលើកកម្ពស់សុខភាពផ្លូវចិត្តតាមព្រះពុទ្ធមាគ៌ា» ដោយបានមានសង្ឃដីកាថា សុខភាពផ្លូវចិត្ត គឺជាមូលដ្ឋានដ៏សំខាន់នៃសុភមង្គល ភាពជោគជ័យ និងគុណភាពជីវិតរបស់មនុស្សគ្រប់រូប។ ទោះបីមនុស្សមានទ្រព្យសម្បត្តិ ឋានៈ ឬចំណេះដឹងខ្ពស់យ៉ាងណាក៏ដោយ ប្រសិនបើចិត្តមិនស្ងប់ មិនមានសុខភាពផ្លូវចិត្តល្អ នោះក៏ពិបាកទទួលបានសេចក្ដីសុខពិតប្រាកដដែរ។ ព្រះអង្គបានពន្យល់ថា ព្រះពុទ្ធសាសនាបានបង្ហាញយ៉ាងច្បាស់ថា ដើមហេតុនៃទុក្ខ និងភាពមិនសុខសាន្តរបស់មនុស្ស កើតឡើងពី «អកុសលមូល ៣» គឺ លោភៈ ទោសៈ និងមោហៈ។ លោភៈ គឺសេចក្ដីលោភលន់ ចង់បានមិនចេះគ្រប់គ្រាន់ ដែលនាំឱ្យមនុស្សប្រកួតប្រជែងដោយអសុចរិត និងបាត់បង់សេចក្ដីសុខ។ ទោសៈ គឺកំហឹង ការចងគំនុំ និងភាពស្អប់ខ្ពើម ដែលបំផ្លាញទាំងអ្នកដទៃ និងខ្លួនឯង។ ចំណែក មោហៈ គឺភាពល្ងង់ខ្លៅ ការមិនយល់សេចក្ដីពិត និងការវង្វេងក្នុងអារម្មណ៍ ឬព័ត៌មានមិនត្រឹមត្រូវ ដែលជាហេតុនាំឱ្យសម្រេចចិត្តខុស និងរស់នៅដោយភាពច្របូកច្របល់។ ព្រះអង្គបានមានសង្ឃដីកាបន្ថែមថា នៅក្នុងសង្គមបច្ចុប្បន្ន ដែលពោរពេញទៅដោយការប្រកួតប្រជែង សម្ពាធការងារ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល មនុស្សងាយរងឥទ្ធិពលពី លោភៈ ទោសៈ និងមោហៈ ជាងមុន។ ការលោភចង់បានលឿន ការខឹងដោយសារមតិនៅលើបណ្ដាញសង្គម ឬការជឿព័ត៌មានមិនពិត សុទ្ធតែអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងបង្កបញ្ហាដល់គ្រួសារ និងសង្គម។
នៅក្នុងសុន្ទរកថាបិទ លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន តំណាងលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានថ្លែងកោតសរសើរចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងសហភាពសហព័ន្ធយុវជនកម្ពុជា ពុទ្ធិកសមាគមកម្ពុជរដ្ឋ សមាគមអប់រំសីលធម៌អន្តរជំនាន់ ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ វិទ្យាល័យបាក់ទូក និងគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលបានរួមគ្នារៀបចំវេទិកាដ៏មានអត្ថន័យនេះ ដើម្បីពង្រឹងការអប់រំសីលធម៌ និងការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ។ លោកបានគូសបញ្ជាក់ថា ការអប់រំនៅក្នុងសតវត្សរ៍ទី២១ មិនអាចផ្តោតតែលើការបណ្តុះបណ្តាលចំណេះដឹង និងជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តល់សារៈសំខាន់ដូចគ្នាចំពោះការបណ្តុះសីលធម៌ វិន័យ ស្មារតីស្នេហាជាតិ និងគុណតម្លៃវប្បធម៌ ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋដែលមានគុណភាព និងមានសមត្ថភាពឆ្លើយតបទៅនឹងការវិវឌ្ឍរបស់ពិភពលោក។ លោកក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្ស និងយុវជនបន្តសិក្សាស្វែងយល់អំពីព្រះពុទ្ធសាសនា វប្បធម៌ និងប្រវត្តិសាស្ត្រជាតិ ព្រមទាំងយកគោលធម៌ព្រះពុទ្ធមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ដោយប្រកាន់ខ្ជាប់ សច្ចៈ ខន្តី និងកត្តញ្ញូ ជាគ្រឹះនៃការកសាងបុគ្គលិកលក្ខណៈ និងមូលធនសីលធម៌។ លោកបានសង្កត់ធ្ងន់ថា យុវជនដែលមានចំណេះដឹង គួបផ្សំនឹងគុណធម៌ និងទំនួលខុសត្រូវ នឹងក្លាយជាកម្លាំងដ៏រឹងមាំក្នុងការថែរក្សាសន្តិភាព ពង្រឹងសាមគ្គីភាពជាតិ និងជំរុញការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ជាទីបញ្ចប់ លោកបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមទាំងគ្រួសារ សាលារៀន វត្តអារាម សហគមន៍ និងអង្គការយុវជន បន្តពង្រឹងកិច្ចសហការក្នុងការបណ្តុះយុវជនឱ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ និងពលរដ្ឋសកលដែលមានឫសគល់រឹងមាំលើអត្តសញ្ញាណជាតិ មានចំណេះដឹង សមត្ថភាព សីលធម៌ និងស្មារតីបម្រើសង្គម ដើម្បីរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។







