«Made in Cambodia» ជាយុទ្ធនាការដាស់ផលិតករក្នុងស្រុកឱ្យបង្កើនការផលិត ខណៈពលរដ្ឋកាត់បន្ថយទំនិញនាំចូល
ខេត្តព្រះសីហនុ៖ យុទ្ធនាការផ្សព្វផ្សាយ និងពិព័រណ៍ផលិតផលជាតិក្រោមប្រធានបទ «Made in Cambodia» ត្រូវបានបើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក មីន កុម្ភៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ហើយក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ តំណាងសមាគម ម្ចាស់អាជីវកម្ម យុវជន និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ ពិព័រណ៍នេះមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប ដាយម៉ិន ផ្លាហ្សា (Diamond Plaza) ស្ថិតនៅជិតវិមានឯករាជ្យ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនិងភាពជាដៃគូដ៏ល្អប្រសើររវាងរដ្ឋនិងវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម សិប្បកម្មផលិតផលក្នុងស្រុក ព្រមទាំងបណ្តាផ្សារទំនើប ម៉ា មីម៉ាត ដែលកំពុងប្រតិបត្តិការរួមគ្នាយ៉ាងសកម្មក្នុងការចូលរួមលើកកម្ពស់ផលិតផលជាតិ។ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា៖ យើងទាំងអស់គ្នា ក្នុងនាមជាពលរដ្ឋខ្មែរ សុទ្ធសឹងជាអ្នកប្រើប្រាស់ ដែលពិតជាបានរួមចំណែកមិនអាចខ្វះបាន ក្នុងការចូលរួមគាំទ្រ ជំរុញការប្រើប្រាស់ ផ្សព្វផ្សាយផលិតផលជាតិ និងពង្រីកការនាំចេញផលិតផលជាតិទៅក្រៅប្រទេស។ ការប្រារព្ធឡើងនូវ “យុទ្ធនាការផលិតផលជាតិ MadeInCambodia” ពិតជាមានអត្ថន័យសំខាន់និងជ្រាលជ្រៅក្នុងសាមគ្គីភាពរបស់ប្រជាពលរដ្ឋយើង គឺដើម្បីបង្ហាញអំពី “ការស្រឡាញ់ផលិតផលជាតិ ការស្រឡាញ់ចំពោះកសិករខ្មែរនិងផលិតករខ្មែរ ព្រមទាំងជាស្មារតីស្រឡាញ់ជាតិមាតុភូមិរបស់យើង!”។
លោកជំទាវក៏បានជម្រាបជូនថា៖ ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើមរៀបចំ “យុទ្ធនាការផលិតផលជាតិ MadeInCambodia” នេះឡើងក្នុងគោលបំណងសំខាន់ៗដើម្បីបង្ហាញនិងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវភាពសម្បូរបែបនៃផលិតផលផលិតក្នុងស្រុក ជូនដល់ប្រជាពលរដ្ឋជាអតិថិជន ជាអ្នកប្រើប្រាស់ និងលើកកម្ពស់អំណាចអ្នកប្រើប្រាស់ តាមរយៈបង្កើនការយល់ដឹងអំពីផលិតផលជាតិ ពាក់ព័ន្ធនឹងតម្លៃ គុណភាព និងអត្ថប្រយោជន៍។
លោក មីន កុម្ភៈ លើកឡើងថា កម្មពិធីនេះគឺជាឧកាសមាសឧកាសប្រាក់របស់បងប្អូនអ្នកផលិតសិប្បកម្ម ព្រោះពេលនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើងកំពុងតែធ្វើការពហិការរាល់ផលិតផលរបស់ប្រទេសជិតខាង ដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងត្រូវក្ដាប់ឧកាសនេះដើម្បីពង្រឹងសមត្ថភាព ពង្រីកក្នុងការផលិតលទ្ធផលក្នុងស្រុកយើងអោយបានច្រើនដើម្បីទាក់ទាញទីផ្សាក្នុងស្រុកនឹងក្រៅស្រុកផងដែរ។
យុទ្ធនាការ «Made in Cambodia» នៅខេត្តព្រះសីហនុ មិនត្រឹមតែជាព្រឹត្តិការណ៍ពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចលនាជាតិមួយក្នុងការដាស់ស្មារតី «ខ្មែរជួយខ្មែរ» និងជាកាតាលីករ ដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យមាននិរន្តរភាព តាមរយៈការពឹងផ្អែកលើសមត្ថភាព និងផលិតផលរបស់ខ្លួនឯង៕
អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ
រូបភាព ៖ លោក ផូង ថៃ







