អ្នកឈ្នះធ្វើអ្វីក៏សម! ក្រោយពីទម្លាក់អង់គ្លេស២-១ហើយ អាហ្សង់ទីនឆ្លៀតផ្ញើសារនយោបាយលើបញ្ហាកោះ Falkland ទៀត ស្របពេលដែល Harry Kane បង្ហាញការខកចិត្តនូវទម្រង់លេងទប់បាល់ចុងម៉ោង

អ្នកគាំទ្រអាហ្សង់ទីននៅក្នុងរដ្ឋធានី Buenos Aires របស់ប្រទេសអាហ្សង់ទីន បានអបអរសាទរយ៉ាងក្លៀវក្លាបំផុតនៅពេលដែលក្រុមរបស់ពួកគេបានយកឈ្នះក្រុមតោកំណាចអង់គ្លេសកាលពីល្ងាចថ្ងៃពុធ ម៉ោងនៅអាម៉េរិក ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup ២០២៦។ ដំបូងឡើយអង់គ្លេសនាំមុខអាហ្សង់ទីន ១-០ ស្រាប់តែនៅចុងម៉ោងតង់ទី២ កីឡាករឆ្មើម Lionel Messi បានបញ្ជូនបាល់ស៊ុតបញ្ចូលទីដោយ Enzo Fernandez នៅនាទីទី ៨៥ និងបញ្ជូនមួយគ្រាប់ទៀតឲ្យកីឡាករ Lautaro Martinez នៅនាទីទី២ នៃម៉ោងបន្ថែម៩០+៩ ដើម្បីផ្តល់ឱ្យអាហ្សង់ទីននូវជ័យជម្នះយ៉ាងជោគជ័យ ២-១ និងបានរក្សាតំណែងជើងឯក២០២២ និង រង់ចាំប្រកួតទល់ជាមួយនឹងអេស្ប៉ាញនៅថ្ងៃអាទិត្យនេះ។ យើងសង្កេតឃើញថាអង់គ្លេសពិតជាបានព្យាយាមការពារនូវការនាំមុខរបស់ខ្លួនមែន ប៉ុន្តែក្តីសង្ឃឹមកាន់តែខ្សោយទៅៗនៅពេលម៉ោងជិតបញ្ចប់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬ  World Cup Semi Final។ គ្រូបង្វឹកអង់គ្លេសលោក Thomas Tuchel បានសម្រេចផ្លាស់ប្តូរកីឡាករ និងយុទ្ធសាស្ត្រប្រកួតដើម្បីសាងសង់ជញ្ជាំងនៅពីមុខគោលដៅ ឬ សំណាញ់ទី។ ប៉ុន្តែក្រុមអាហ្សង់ទីន និង Lionel Messi មិនខ្វល់ឡើយទាត់យុទ្ធសាស្រ្តនោះចោល និង សម្រុកសង្រ្គប់តោកំណាចរហូតធ្លាយសំណាញ់បាល់២គ្រាប់យកតែម្តង។ ជម្រើសយុទ្ធសាស្ត្រប្រកួតរបស់លោក Tuchel នៅក្នុងការប្រកួតដ៏ធំបំផុតនេះ ទំនងនឹងត្រូវបានគេត្រួតពិនិត្យជាថ្មី ក្រោយពីមានការរិះគន់អស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ។ គួរឲ្យសោកស្តាយចំពោះក្រុមជម្រើសជាតិអង់គ្លេសបានខកខានឱកាសរបស់ខ្លួនជាថ្មីក្នុងដើម្បីវិលត្រឡប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ World Cup ជាលើកដំបូងខ្លួនដែរចាប់តាំងពីឆ្នាំ ១៩៦៦មក ដែលនៅចុងម៉ោងនេះ កំពូលកីឡាករ Harry Kane និង Jude Berlingham មិនអាចធ្វើអ្វីបាន ក្រៅតែរត់ទប់បាល់របស់ Messi ។  ខ្សែប្រយុទ្ធក្រុមអង់គ្លេសដ៏លេចធ្លោ Harry Kane បាននិយាយ៖ ពួកយើងបានក្នុងទម្រង់ដ៏អស្ចារ្យមួយ ដោយនាំមុខ១គ្រាប់ទៅហើយ ប៉ុន្តែក្រោយមកពួកយើងហាក់ដូចជាគ្រាន់លេងដោយព្យាយាមទប់បាល់ ដែលវាស្ថិតនៅកម្រិតមួយមិនគ្រប់គ្រាន់ទេ”  ខ្ញុំគ្រាន់តែខកចិត្តចំពោះរឿងនេះ ពីព្រោះពួកយើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឡើងមកដល់វគ្គនេះ។ ការចាញ់របស់ក្រុមអង់គ្លេសត្រូវបានគេកត់សម្គាល់ជាលើកទី២ហើយនៅក្នុងសតវត្សរ៍នេះ ដែលក្រុមដែលរកគ្រាប់បាល់បានមុនគេក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup គឺមិនមែនបានន័យថាបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនោះដែរ នេះបើយោងតាមស្ថាប័ន ​Opta។ អ្វីដែលលេចធ្លោមួយទៀតក្រោយចប់ការប្រកួត ក្រុមកីឡាករអាហ្សង់ទីនមួយក្រុមបានលាតផ្ទាំងបដាដែលសំដៅទៅលើកោះ Falkland បន្ទាប់ពីខ្លួនបានយកឈ្នះក្រុមអង់គ្លេស ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលសារនៅលើផ្ទាំងបដាដែលកាន់ដោយខ្សែបម្រើ Giovani Lo Celso និងខ្សែការពារកណ្តាល Nicolás Otamendi និងកីឡាករដទៃទៀតបានអានថា’Las Malvinas son Argentinas’ ដែលបកប្រែថា ‘កោះ Falkland គឺជារបស់អាហ្សង់ទីន’ ដែលជាភាពតានតឹងផ្នែកនយោបាយមួយនៅតែបន្តកើតមានរវាងប្រទេសអាហ្សង់ទីន និងចក្រភពអង់គ្លេស ជុំវិញកោះនេះដែលធ្លាប់បានផ្ទុះឡើងជាជម្លោះជាមួយគ្នាក្នុងឆ្នាំ១៩៨២ បើទោះបីជាលោក Lionel Scaloni គ្រូបង្វឹកក្រុមអាហ្សង់ទីន បាននិយាយមុនការប្រកួតថា លោកមិនចង់ឱ្យការប្រកួតនេះក្លាយជាជម្លោះលើទឹកដីក្រៅប្រទេសរបស់អង់គ្លេសនោះទេ ប៉ុន្តែក្រោយពីក្រុមរបស់លោកបានវាយបក៥នាទីចុងក្រោយ ស្រាប់តែកីឡាករបានលើកបដាមួយនោះតែម្តងជាមួយអ្នកគាំទ្រនៅឯកីឡដ្ឋាន Atlanta។ សូមបញញ្ជាក់ថាវគ្គផ្តាច់ព្រ័ត្រ FIFA World Cup នឹងធ្វើឡើងនៅ East Rutherford រដ្ឋ New Jersey នៅថ្ងៃអាទិត្យរវាងក្រុមគោជល់អេស្ប៉ាញ និង អាហ្សង់ទីនដែលជាម្ចាស់ជើងឯក FIFA ២០២២ ដែលកាតាធ្វើជាម្ចាស់ផ្ទះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ