សក្តានុពលទេសចរណ៍បៃតង៖ ការកម្សាន្តបែបផ្សងព្រេង និងការអុំទូកកាយ៉ាកទស្សនាព្រៃកោងកាង នារដូវវស្សា នៅកោះរ៉ុង

ប្រសិនបើអ្នកគិតថាកោះរ៉ុង អាចលេងកម្សាន្តបានតែក្នុងរដូវក្តៅ នោះអ្នកប្រហែលជាត្រូវប្តូរគំនិតវិញហើយ! ស្វាគមន៍មកកាន់រដូវកាល “Greens Season” (រដូវវស្សា) ដែលជាពេលវេលាដ៏ល្អមួយ ប្រែក្លាយកោះឋានសួគ៌មួយនេះឱ្យទៅជាពិភពបៃតងខ្ចី ពោរពេញដោយភាពស្រស់បំព្រង និងសកម្មភាពដំណើរកម្សាន្តផ្សងព្រេងដ៏សម្បូរបែប។

​នារដូវធ្លាក់ភ្លៀងនេះ តំបន់ទេសចរណ៍ធម្មជាតិជាច្រើននៅលើកោះរ៉ុងបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត ដែលផ្តល់ឱកាសឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិអាច លេងកម្សាន្តក្រោមតំណក់ទឹកភ្លៀង ទទួលយកអារម្មណ៍ស្រស់ស្រាយប្លែកភ្នែក ជាមួយធម្មជាតិបៃតងខ្ចី។ ទស្សនាទឹកជ្រោះ រដូវនេះជាពេលដែលទឹកជ្រោះនៅលើកោះមានទឹកហូរខ្លាំង ថ្លាឆ្វង់ និងត្រជាក់ស្រេប ស័ក្តិសមបំផុតសម្រាប់ការងូតកម្សាន្ត។

​ចំណុចលេចធ្លោបំផុតដែលមិនគួររំលងក្នុងរដូវកាលនេះ គឺការប្រណាំងទូកកាយ៉ាក (Kayak) ដែលត្រូវបានរៀបចំឡើងជារៀងរាល់សប្តាហ៍ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តជាតិ។

​ក្រៅពីការប្រកួតប្រជែងដ៏សប្បាយរីករាយ និងបង្កើតភាពស្និទ្ធស្នាលហើយនោះ ភ្ញៀវទេសចរក៏អាចអុំទូកកាយ៉ាកលម្ហែរដោយខ្លួនឯង តាមបណ្តោយដងព្រែកដ៏វែងអន្លាយ ដែលអមសងខាងទៅដោយ«ព្រៃកោងកាងកោះរ៉ុង»យ៉ាងក្រាស់ និងមានខ្យល់អាកាសបរិសុទ្ធគ្មានពីរ។ ធម្មជាតិស្រស់បំព្រង ព្រៃកោងកាង និងរុក្ខជាតិនានាមានពណ៌បៃតងខ្ចីទាក់ភ្នែក និងកន្លែងថតរូបភាពស្អាតៗដ៍សប្បូរបែប។ ភាពស្ងប់ស្ងាត់ មិនសូវមានភាពអ៊ូអរខ្លាំងពេក ដែលធ្វើឱ្យអ្នកអាចសម្រាកលំហែកាយយ៉ាងពិតប្រាកដ។

​ដំណើរកម្សាន្តមកកាន់ព្រៃកោងកាងកោះរ៉ុង ក្នុងរដូវវស្សានេះ នឹងនាំមកនូវបទពិសោធន៍ថ្មីស្រឡាងមួយ បែបយុវវ័យ និងការផ្សងព្រេង លាយឡំនឹងមនោសញ្ចេតនាធម្មជាតិដ៏ជ្រាលជ្រៅ។

អត្ថបទ:ស្រីមុំ