ស្ថានីយបូមទឹកបឹងសាឡាង បានសាងសង់រួច១០០% ហើយ

ភ្នំពេញ ៖ ស្ថានីយបូមទឹកបឹងសាឡាង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានចាប់ផ្តើមការសាងសង់ កាលពីដើមឆ្នាំ២០២៥ ក្រោមគំនិតផ្តួចផ្តើមរបស់លោកអភិបាលរាជធានីភ្នំពេញ ដែលមានទំហំ អគារ១០ម៉ែត្រគុណ ២០ម៉ែត្រ ហើយបានបញ្ចប់ការសាងសង់កាលពីអំឡុងខែមេសា ឆ្នាំ២០២៦កន្លងមកនេះ ដែលមានសមត្ថភាពបូមរំដោះទឹកបាន១២ម៉ែត្រគូប ក្នុង១វិនាទី។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ស្ថានីយបូមទឹកបឹងសាឡាង ស្ថាបនាសម្រេចបាន ១០០%ហើយ ដោយមានបំពាក់ម៉ូទ័រចំនួន ២គ្រឿង មានមុខកាត់ ១៥០០មីលីម៉ែត្រ និងមានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគូប ក្នុង១វិនាទី។

លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានឲ្យដឹងថា ដើម្បីរំដោះជំនន់ទឹកភ្លៀងចេញពីសង្កាត់ទាំង៨ នៃខណ្ឌទួលគោក សង្កាត់មួយចំនួនទៀតរបស់ខណ្ឌ៧មករា និងខណ្ឌបឹងកេងកង ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានកសាងស្ថានីយបូមទឹកបឹងសាឡាងថ្មីមូយទៀត ដែលមានសមត្ថភាពបូមរំដោះទឹកបាន១២ម៉ែត្រគូប ក្នុង១វិនាទី។

លោកអភិបាលបានបន្តថា ពីមុននៅស្តុបកោសដូងជិតម៉ុងរីយ៉ាល់ពេលភ្លៀងម្ដងៗទឹកលិច១ថ្ងៃទៅ២ថ្ងៃ បន្ទាប់មកនៅសល់ត្រឹមតែរយៈពេល១ម៉ោងទៅ២ម៉ោង ប៉ុន្តែក្រោយទៀតបានកាត់បន្ថយការលិចលង់បន្តិចម្ដងៗ រហូតមកដល់ពេលដែលលោកអភិបាលរាជធានីសាងសង់ស្ថានីយបូមទឹកបឹងសាឡាងថ្មីខាងលើរួច និងបានដាក់លូខ្នាតធំ១ខ្សែថ្មីទៀតចេញផ្លូវ២៣០ និងពីផ្លូវលេ៤៥ ចាប់ពីស្តុបកោសដូង ទៅប្រឡាយបឹងសាឡាងហើយ ស្ថានីយនេះបូមទម្លាក់ទៅប្រឡាយស្ទឹងមានជ័យ។ ឥឡូវស្ថានភាពទឹកលិចមានរយៈពេលខ្លីបំផុតតែចន្លោះពី១០ទៅ ២០នាទី ទឹកស្រកអាចស្រក់អស់ពីផ្លូវហើយ។

លោក ជា ពិសី អភិបាលខណ្ឌទួលគោកមានប្រសាសន៌ បែបនេះកាលពីរសៀលថ្ងៃទី១៤កក្កដា ម្សិលមិញនេះ ក្នុងឱកាសដឹកនាំចៅសង្កាត់ មេភូមិ និងក្រុមការងារចុះពិនិត្យមើលការស្តារប្រឡាយស្ថានីយបូមទឹកទួលគោកទី២ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ក្រុមការងាររដ្ឋបាលខណ្ឌទួលគោកប្រើប្រាស់គ្រឿងចក្រចំនួន ១គ្រឿង សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីស្តារប្រឡាយចំនួន៣ខ្សែ រួមមាន៖ ប្រឡាយប្រឡាយស្ថានីយបូមទឹកទួលគោកទី១ ប្រឡាយស្ថានីយបូមទឹកទួលគោកទី២ និងប្រឡាយស្ថានីយបូម ទឹកបឹងសាឡាង៕