រដ្ឋមន្រ្តីសុខាភិបាល៖ «ជាទូទៅមនុស្សតែងធ្វើដំណើរដើម្បីមើលពិភពលោក ប៉ុន្តែប្អូនប្រុស ទីវ តារារិទ្ធ បានធ្វើដំណើរជុំវិញពិភពលោក ដើម្បីពិភពលោកមើលឃើញទឹកចិត្តរបស់យុវជនកម្ពុជា។ ទោចក្រយានរបស់ប្អូនបានវិលប្រមាណចម្ងាយជិត ៦០,០០០ គីឡូម៉ែត្រ អ្វីដែលធ្វើឱ្យបេះដូងមនុស្សរាប់លាននាក់រំភើប គឺក្តីស្រឡាញ់ ការលះបង់ និងមនុស្សធម៌ដែលប្អូនបាននាំយកទៅគ្រប់ទីកន្លែង។ នេះគឺជាជ័យជម្នះ និងមោទនភាពនៃទឹកចិត្តប្តូរផ្តាច់ ក្នុងការចូលរួមជួយសង្រ្គោះសុខភាពកុមារដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជា។»
នៅទីស្តីការក្រសួងសុខាភិបាល៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួប លោក ទីវ តារារិទ្ធិ និងក្រុមគ្រួសារ ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តចំពោះឆន្ទៈដ៏មុះមាត់ក្នុងបេសកកម្ម ជិះកង់មនុស្សធម៌ពីប្រទេសកម្ពុជា ទៅទ្វីបអឺរ៉ុប និងអាហ្រ្វិក។
ក្នុងជំនួបនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរចំពោះទឹកចិត្ត ឆន្ទៈខ្ពស់ និងបំណងប្រាថ្នា ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹម ដល់ទារក និងកុមារ ក៏ដូចជាអត្ថប្រយោជន៍ចូលរួមចំណែកជួយអភិវឌ្ឍសង្គមជាតិកម្ពុជា។ ការលះបង់កម្លាំងកាយចិត្តរយៈពេល ២ឆ្នាំ មិនត្រឹមតែជាការជិះកង់ជុំវិញពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែជាការជិះកង់ ដើម្បីចូលរួមជួយសង្គ្រោះជីវិតកុមារកម្ពុជា។ តាមរយៈបេសកកម្ម នេះបានធ្វើឱ្យពិភពលោកយល់ពីទឹកចិត្តសប្បុរសធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូផង់របស់ប្រជាជនកម្ពុជា និងការកៀរគរមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា ប្អូនតារារិទ្ធិ មិនត្រឹមតែជាយុវជនគំរូកម្ពុជាប៉ុណ្ណោះទេ តែបានក្លាយជា មនុស្សគំរូសម្រាប់ពិភពលោក ដែលនឹងអាចជាទូតសុឆន្ទៈផងដែរ។
លោក ទីវ តារារិទ្ធិ បានជម្រាបជូនថា ដំណើរផ្សងព្រេងរយៈពេល២ឆ្នាំ ពិតជាលំបាក និងតស៊ូជំនះឧបសគ្គជាច្រើន ដែលទាមទារនូវការប្រឹងប្រែង និងអត់ធ្មត់ខ្ពស់បំផុត ដូចជា៖ កត្តាអាកាសធាតុ ដែលត្រូវប្រឈមមុខនឹងភាពត្រជាក់ខ្លាំងរហូតដល់ -៤០អង្សាសេ នៅតំបន់ខ្លះ និងកម្ដៅថ្ងៃក្តៅហួតហែងនៅតំបន់ខ្លះទៀត។ បញ្ហាភូមិសាស្ត្រ សុវត្ថិភាព និងសន្តិសុខ ដូចជាការធ្វើដំណើរឆ្លងកាត់តំបន់ដែលមានជម្លោះប្រដាប់អាវុធ តំបន់ដាច់ស្រយាល និងការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ។ ភាពឯកោ និងការហត់នឿយ ការជិះកង់តែម្នាក់ឯងឆ្លងប្រទេស គឺជាការសាកល្បងយ៉ាងខ្លាំងទាំងផ្នែករាងកាយ និងស្មារតី ប៉ុន្តែដោយសារគោលដៅមនុស្សធម៌ បានជំរុញទឹកចិត្តខ្ញុំបន្តដំណើររហូតដល់គោលដៅចុងក្រោយ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា នេះគឺជាមោទនភាព ក្នុងនាមជនជាតិខ្មែរម្នាក់ ដែលបានផ្សព្វផ្សាយពីប្រទេសរបស់ខ្លួន តាមរយៈដំណើរផ្សងព្រេងមនុស្សធម៌ ដើម្បីប្រមូលថវិកា ជួយគាំទ្រទៅដល់កុមារកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានលើកទឹកចិត្តដល់ប្អូនតារារិទ្ធិ បន្តសកម្មភាពនេះ ឬសកម្មផ្សេងទៀតក្នុងស្មារតីមនុស្សធម៌ ក៏ដូចជាលើកម្ពស់កិត្យានុភាពប្រទេសកម្ពុជា លើឆាកអន្តរជាតិ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ការណែនាំបន្ថែមពីវិធីការពារ និងថែរក្សាសុខភាព ប្រសិនបើមានបេសកកម្មជិះកង់ ក្នុងដំណើរផ្សងព្រេងដ៏សែនឆ្ងាយបែបនេះ ហើយធ្វើដំណើរតែម្នាក់ឯង ដោយគួរត្រូវមានការការពារ ដូចជាការពិនិត្យសុខភាព ចាក់វ៉ាក់សាំងការពារជំងឺមួយចំនួន ស្វែងយល់ពីស្ថានភាពនិងអាកាសធាតុក្នុងតំបន់ និងត្រៀមនូវសម្ភារៈសង្គ្រោះ។
សូមជម្រាបជូនថា លោក ទីវ តារារិទ្ធិ ជាអ្នកបង្កើតមាតិកា និងជាអ្នកចូលចិត្តជិះកង់ផ្សងព្រេងផ្លូវឆ្ងាយ ជិះកង់ធ្វើសកម្មភាពមនុស្សធម៌ ដោយចាប់ផ្តើមជិះកង់រៃអង្គាសថវិកា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ចេញដំណើរពីខេត្តសៀមរាប ដែលកង់របស់គាត់មានដោតទង់ជាតិកម្ពុជា ឆ្លងកាត់តាមបណ្តាប្រទេសចំនួន ៤០ នៅទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ក្នុងរយៈពេល ២ឆ្នាំ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ មកដល់កម្ពុជាវិញ ក្នុងចម្ងាយផ្លូវសរុបប្រមាណ ៦០ ០០០ គីឡូម៉ែត្រ ទទួលបានថវិកាជាង ២៦០ ០០០ ដុល្លារសហរដ្ឋអាមេរិក ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។







