ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ

ទីស្តីការក្រសួង៖ នារសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក Choi Jung-Won តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ជំនួបនេះត្រូវបានធ្វើឡើងក្នុងគោលបំណង ពិភាក្សាលើការអនុវត្តសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS) ផ្អែកលើទិន្នន័យចម្រុះ (Big Data) នៅកម្ពុជា និងស្វែងយល់ពីលទ្ធភាពនៃការបន្តអនុវត្តគម្រោងនេះនៅតាមផ្លូវជាតិសំខាន់ៗក្នុងរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនានា។