ជនជាតិ Malawi រាប់រយនាក់រង់ចាំវិលត្រឡប់ទៅផ្ទះវិញ ដោយការបង្ខិតបង្ខំពីសំណាក់អាជ្ញាធរអាហ្វ្រិកខាងត្បូង! ក្រោយពីប្រទេសនេះបញ្ជូនជនអន្តោប្រវេសន៍ចេញចំនួន៥៣.០០០នាក់ហើយ
ជនជាតិម៉ាឡាវីរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតប្រទេសរបស់ពួកគេប្រចាំនៅទីក្រុង Johannesburg កាលពីថ្ងៃអង្គារនេះ ខណៈដែលការវិលត្រឡប់របស់ជនអន្តោប្រវេសន៍ដោយបង្ខំនៅតែបន្តកើនឡើងដដែល។ លោក Bashil Austin ដែលបានរង់ចាំជាជួរ បានអំពាវនាវដល់រដ្ឋាភិបាលនៃប្រទេសរបស់គាត់ឱ្យជួយមនុស្សដូចពួកគាត់ផង ដោយសារពួកគេមាន អារម្មណ៍ថាត្រូវបានគេគំរាមកំហែងដោយស្ថានភាពនៅអាហ្វ្រិកខាងត្បូង ហើយចង់វិលត្រឡប់មកផ្ទះវិញ។ មន្ត្រីអាហ្វ្រិកខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបាននិរទេស ឬបញ្ជូនជនអន្តោប្រវេសន៍អាហ្វ្រិកជាង ៥៣០០០នាក់ត្រឡប់ទៅផ្ទះវិញក្នុងរយៈពេលមួយខែនេះ។ ការបង្ក្រាបនេះធ្វើឡើងគឺស្របពេលជាមួយនឹងសកម្មភាពតវ៉ាជាបន្តបន្ទាប់ដែលជួនកាលក៏មានហិង្សាប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់ដែរ។ ជនអន្តោប្រវេសន៍ចំនួនជាង ៨០% ដែលត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះវិញគឺមកពីប្រទេសម៉ាឡាវី នេះបើយោងតាមរដ្ឋមន្ត្រីយុត្តិធម៌អាហ្វ្រិកខាងត្បូង។ ប៉ុន្តែមន្ត្រីមិនបានផ្តល់ចំនួនជាក់លាក់ប៉ុន្មាននាក់នោះទេ ដែលត្រូវបាននិរទេស ឬចំនួនប៉ុន្មាននាក់ដែលបានទទួលយល់ព្រមឱ្យវិលត្រឡប់មកផ្ទះវិញដោយស្ម័គ្រចិត្តនោះដែរ។ ប្រទេសក្នុងតំបន់អាហ្វ្រិកជាច្រើនបានផ្តល់ការដឹកជញ្ជូនដើម្បីនាំពលរដ្ឋរបស់ពួកគេត្រឡប់ទៅផ្ទះវិញ អំឡុងពេលមានបំផុតបំផុលគំនិតប្រឆាំងនឹងជនអន្តោប្រវេសន៍ ដែលបានបង្កឱ្យមានការវាយប្រហារមួយចំនួនប្រឆាំងនឹងជនបរទេស និងបានធ្វើឱ្យផ្នែកខ្លះនៃប្រទេសអាហ្វ្រិកខាងត្បូងស្ថិតក្នុងភាពភ័យខ្លាចដែរ។ ករណីស្លាប់នៃជនអន្តោប្រវេសន៍យ៉ាងហោចណាស់៣នាក់ – ក្នុងនោះមាន២នាក់ទៅហើយមកពីប្រទេសម៉ូសំប៊ិក និងម្នាក់មកពីប្រទេសម៉ាឡាវី -ដែលកំពុងត្រូវបានគេស៊ើបអង្កេតដោយប៉ូលីសអាហ្វ្រិកខាងត្បូង។ ចំណែកប្រទេសនីហ្សេរីយ៉ាវិញបាននិយាយថា ពលរដ្ឋ២នាក់របស់ខ្លួន ក៏ត្រូវបានគេសម្លាប់ពីក្នុងការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍នៅអាហ្វ្រិកខាងត្បូងដែរ បើទោះបីជាអាជ្ញាធរអាហ្វ្រិកខាងត្បូងបានបដិសេធថា ការស្លាប់របស់ពួកគេមិនមានជាប់ទាក់ទងនឹងការបង្រ្កាបការតវ៉ានោះក៏ដោយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






