សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា សហការជាមួយ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា រៀបចំពិព័រណ៍ការងារប្រចាំឆ្នាំ២០២៦ ស្តីពី ការផ្សារភ្ជាប់និស្សិត ទៅនឹងឪកាសការងារជាមួយ វិស័យឧស្សាហកម្ម
ការផ្សារភ្ជាប់និស្សិត ទៅនឹងឱកាសការងារជាមួយ វិស័យឧស្សាហកម្ម គឺជាប្រធានបទ ដ៏មានសារៈសំខាន់ ក្នុងយុគសម័យបច្ចុប្បន្ន ដើម្បីដោះស្រាយបញ្ហាគម្លាតជំនាញ និងធានាថាការអប់រំដើរទន្ទឹមគ្នា នឹងតម្រូវការទីផ្សារការងារជាក់ស្តែង។ នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យករជំនាញ និងសវនករកម្ពុជា ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារប្រចាំឆ្នាំ២០២៦ ស្តីពី ការផ្សារភ្ជាប់និស្សិត ទៅនឹងឪកាសការងារជាមួយ វិស័យឧស្សាហកម្ម ដោយមានការចូលរួមមកពីតំណាងក្រុមហ៊ុនគណនេយ្យ និងសវនកម្ម ស្ថាប័នធនាគារ អង្គការវិជ្ជាជីវៈ ដៃគូឧស្សាហកម្ម និងនិយោជក ព្រមទាំងនិស្សិតប្រមាណជាង៤០០នាក់ចូលរួមផងដែរ។
ឯកឧត្តម ប៊ូ ថារិន បន្តទៀតថា ក្នុងកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាល ការផ្សារភ្ជាប់ រវាងសកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនិយ័តករ និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា មុនគេបង្អស់ ក្នុងការដាក់បញ្ចូលកម្មវិធីសិក្សា ATQ (Accounting Technician Qualification) និងកម្មវិធី គណនេយ្យករជំនាញកម្ពុជា។ ដើម្បីឆ្លើយតបឲ្យទាន់ក្នុងសម័យកាលបរិវត្តកម្មឌីជីថល និស្សិតផ្នែកគណនេយ្យ ចាំបាច់ត្រូវតែមានជំនាញបច្ចេកវិទ្យាព័ត៌មាន (IT) បូកផ្សំជាមួយជំនាញឯកទេសរបស់ខ្លួន ទើបអាចឆ្លើយតបនឹងការប្រែប្រួលនៃទីផ្សារការងារបច្ចុប្បន្នបាន។
លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា
បានឲ្យដឹងដែរថា ការផ្សាភ្ជាប់និស្សិតទៅនឹងឱកាសការងារជាមួយវិស័យឧស្សាហកម្ម មិនមែនជាភារកិច្ចរបស់ភាគីណាមួយដាច់ដោយឡែកនោះទេ វាទាមទារនូវការចូលរួម ភាពជាដៃគូភាគីពាក់ព័ន្ធ» ដែលមាន រាជរដ្ឋាភិបាល ជាអ្នករៀបចំគោលនយោបាយ និងគ្រឹះស្ថានសិក្សា ជាអ្នកបណ្តុះបណ្តាល ព្រមទាំង វិស័យឯកជន ឧស្សាហកម្ម គឺជាអ្នកប្រើប្រាស់កម្លាំងពលកម្ម។ ជាការពិត ទំនាក់ទំនងកាន់តែរឹងមាំ នឹងជួយជម្រុញសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើន តាមរយៈការបង្កើតកម្លាំងពលកម្ម ដែលមានជំនាញ និងសក្តានុពលខ្ពស់។
លោកបណ្ឌិត ផុន ណារិន បញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០២៦នេះ សម្រាប់ឱកាសការងារសម្រាប់និស្សិត គឺដោយផ្តោតខ្លាំងលើជំនាញគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងធានារ៉ាប់រង។
សូមបញ្ជាក់ដែរថា ការរៀបចំពិព័រណ៍ការងារប្រចាំឆ្នាំ២០២៦ ស្តីពី ការផ្សារភ្ជាប់និស្សិត ទៅនឹងឪកាសការងារជាមួយ វិស័យឧស្សាហកម្មលើកនេះ ពិតជាបានប្រមូលផ្តុំក្រុមហ៊ុនធំៗចូលរួមជិត ៣០ក្រុមហ៊ុន ដូចជា ក្រុមហ៊ុនសវនកម្ម ស្ថាប័នហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងដៃគូឧស្សាហកម្មជាច្រើនទៀត ដើម្បីផ្តល់ឱកាសដល់សិស្ស-និស្សិត និងសាធារណជន ក្នុងការស្វែងយល់ពីអាជីពការងារ និងបង្កើតបណ្តាញទំនាក់ទំនង ជាពិសេស ការដាក់ពាក្យការងារដោយផ្ទាល់នៅនឹងកន្លែង។







