លោក ឡុង ឌីម៉ង់ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំង ដើម្បីចុះបញ្ជីជាគម្រោងQIP ចំនួន២នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រផលិតក្តារបន្ទះ និងរោងចក្រផលិតចំណីសត្វដែលមានទីតាំងនៅក្នុងឃុំសាមគ្គី និងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងនាមជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត លោកអភិបាលរងបានស្វែងយល់លម្អិត និងដោះស្រាយបញ្ហាប្រឈមដែលវិនិយោគិនបានជួបប្រទះ និងបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធខិតខំធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដោយរក្សាទំនាក់ទំនងល្អ សម្របសម្រួលនីតិវិធី និងផ្តល់ការប្រឹក្សាជាប្រចាំ។
ជាមួយគ្នានឹងការជំរុញឱ្យក្រុមហ៊ុនទាំង២ ព្យាយាមអូសទាញអ្នកវិនិយោគិនដទៃ ឱ្យងាកមកបណ្តាក់ទុននៅខេត្តព្រះសីហនុ លោកអភិបាលរងក៏បានសំណូមពរឱ្យក្រុមហ៊ុនទាំង២៖
-ផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងត្រូវភ្ជាប់សេវាប.ស.ស.ជូនបុគ្គលិក និងកម្មករឱ្យបានត្រឹមត្រូវ
-គិតគួរឱ្យបានគត់មត់ចំពោះបញ្ហាបរិស្ថាន និងសង្គមដែលអាចមានកើតឡើង
-ត្រូវមានផែនការការពារក្នុងករណីមានឧបទ្ទវហេតុណាមួយ
-រៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើឱ្យបានច្រើនដើម្បីផ្តល់ផាសុកភាពដល់បុគ្គលិក និងកម្មករនៅទីតាំងផងដែរ។
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ







