តើសង្រ្គាមអាចនឹងវិលមកវិញទេ? ខណៈកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីរ៉ង់-សហរដ្ឋអាម៉េរិកកំពុងរលាយបាត់ ហើយការប្រយុទ្ធគ្នាជាថ្មីអាចនឹងលេបត្របាក់ច្រកសមុទ្រ Hormuz
អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិរបស់អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអង្គារនេះថា៖ សហរដ្ឋអាមេរិកកំពុងស្វែងរកការរារាំងទីក្រុងតេអេរ៉ង់ពីការអនុវត្តអ្វីដែលលោកបានពិពណ៌នាថាជា «អធិបតេយ្យភាពប្រកបដោយប្រសិទ្ធភាព» លើច្រកសមុទ្រហ័រមូស។ លោក Kazem Gharibabadi (កាហ្សឹម ហ្ការីបាបាឌី)បាននិយាយបែបនេះអំឡុងពេលផ្តល់បទសម្ភាសន៍មួយនៅលើទូរទស្សន៍រដ្ឋអ៊ីរ៉ង់ដោយបញ្ជាក់ថា «ការឆ្លងកាត់របស់នាវាមិនសំខាន់សម្រាប់សហរដ្ឋអាមេរិកនោះទេ។ សហរដ្ឋអាមេរិកមិនពឹងផ្អែកលើច្រកសមុទ្រហ័រមូសឡើយ ហើយទោះបីជាលោក Trump បានប្រកាសវាច្រើនដងមកហើយក្តី»។ លើសពីនេះលោកក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានបំផ្លាញអនុស្សរណៈនៃការយោគយល់គ្នារវាងទីក្រុងអ៊ីស្លាម៉ាបាដ។ លោកបាននិយាយថា «អ៊ីរ៉ង់មិនដែលចាកចេញពីតុចរចានោះទេ បញ្ហាគ្រប់យ៉ាងគឺមកសហរដ្ឋអាមេរិកដែលបានបំផ្លាញអនុស្សរណៈនៃការយោគយល់គ្នារវាងទីក្រុងអ៊ីស្លាម៉ាបាដនោះ។ យើងមិនបានធ្វើរឿងបែបនេះទេ»។ លោកបានបន្ថែមថា «យើងនឹងមិនស្នើសុំការចរចាជាមួយសហរដ្ឋអាមេរិកជាថ្មីនោះដែរ»។ ចំណែកយោធាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារដូចគ្នាថា ខ្លួនបានដាក់ចេញនូវការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ឡើងវិញ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាពាណិជ្ជកម្មនៅលើច្រកសមុទ្រហ័រមូស ខណៈដែលកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នកំពុងរលាយបាត់ស្រមោល ហើយក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការវិលត្រឡប់ទៅរកសង្គ្រាមឡើងវិញទាំងស្រុងរវាងភាគីទាំងពីរ។ សហរដ្ឋអាមេរិកបានដាក់ចេញនូវការបិទផ្លូវនេះជាលើកដំបូងនៅពាក់កណ្តាលខែមេសា ហើយបន្ទាប់មកបានលើកវាឡើងមកវិញជាថ្មីនៅពាក់កណ្តាលខែមិថុនា និងនៅមួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តោះអាសន្នដែលមានគោលបំណងបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍នោះ។ កិច្ចព្រមព្រៀងនេះបានកំណត់ពេលវេលា ៦០ថ្ងៃដើម្បីចរចាកិច្ចព្រមព្រៀងថ្មីស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ ប៉ុន្តែការចរចារត្រូវបានជាប់គាំង ខណៈដែលការប្រយុទ្ធគ្នាលើច្រកសមុទ្រនេះកាន់តែឡើងកំដៅ។ កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ននេះត្រូវបានគេសន្មត់ថានឹងបើកផ្លូវទឹកឡើងវិញ ដែលវាជាគន្លឹះនៃការផ្គត់ផ្គង់ថាមពលពិភពលោក និងផ្តល់ពេលវេលាដល់អ្នកចរចាដើម្បីបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។ ប៉ុន្តែផ្ទុយទៅវិញ ការប្រយុទ្ធគ្នាបានលេបត្របាក់តំបន់នេះជាថ្មីម្តងទៀត និងបានគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក និងបាននាំមកនូវការព្រមានដល់ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មជាច្រើនដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






