សាលក្រមដំបូងពីបទព្រហ្មទណ្ឌរលំបាក់ស្ពានអាយុកាលជាង៥០ឆ្នាំ សម្លាប់ពលរដ្ឋអ៊ីតាលី ៤២នាក់ ក្នុងឆ្នាំ២០១៨ លើជនជាប់ចោទចំនួន ៥៦នាក់ នឹងត្រូវប្រកាសនៅថ្ងៃស្អែក
ក្រុមសាច់ញាតិរបស់ជនរងគ្រោះ៤៣នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍ដួលរលំស្ពាន Morandi នៅទីក្រុង Genoa (ហ្សេណូអា) ក្នុងឆ្នាំ២០១៨ កំពុងទាមទារស្វែងរកយុត្តិធម៌ជាសាលក្រមដំបូងនៅក្នុងការជំនុំជម្រះបទព្រហ្មទណ្ឌរយៈពេល៤ឆ្នាំពីជនជាប់ចោទចំនួន ៥៦ នាក់ ហើយរឿងក្តីនេះនឹងត្រូវប្រកាសនៅថ្ងៃព្រហស្បតិ៍ស្អែក។ លោក Raffaele Caruso ជាមេធាវីរបស់ក្រុមសាច់ញាតិជនរងគ្រោះបាននិយាយថា “នេះគឺជាការរំពឹងទុកដ៏សំខាន់បំផុត ជាមួយអារម្មណ៍ដ៏សែនឈឺចាប់របស់ពួកគេ ដែលយើងត្រូវតែទទួលស្គាល់”។ លោកបានបន្ថែមថា “មានអារម្មណ៍ថាការកសាងឡើងវិញនូវអ្វីដែលបានកើតឡើងគឺជារឿងដែលចាំបាច់សម្រាប់កំណត់អត្តសញ្ញាណនៃការទទួលខុសត្រូវ និងទទួលស្គាល់ថារឿងនេះ គឺជាគ្រោះមហន្តរាយពិតប្រាកដ វាមិនបានកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាបានកើតឡើងដោយសារតែការធ្វេសប្រហែសមួយចំនួនពីទស្សនៈនៃការថែទាំ មើលរំលងចំពោះស្ពានដែលមានវ័យចំណាស់មួយនេះ”។ ផ្នែកដ៏ធំមួយនៃស្ពាន Morandi បានបាក់អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៨ នៅមុនមួយថ្ងៃឈប់សម្រាកនារដូវក្តៅដ៏ធំបំផុតរបស់ប្រទេសអ៊ីតាលី នៅពេលដែលចរាចរណ៍មានភាពមមាញឹក ជាពិសេសនៅលើផ្លូវស្ពានដែលមានអាយុកាល៥១ឆ្នាំ ដែលវាបានតភ្ជាប់ផ្លូវហាយវេចំនួនពីរ – មួយនាំទៅកាន់ប្រទេសបារាំង និងមួយទៀតទៅកាន់ទីក្រុង Milan។ មនុស្សចំនួន៥៨នាក់ត្រូវបានកាត់ទោសនៅក្នុងខែកក្កដា ឆ្នាំ២០២២ ពីបទមនុស្សឃាតដោយអចេតនា និងបទចោទប្រកាន់ផ្សេងៗទៀត។ ពួកគេទាំងនោះរួមមានអតីតនាយកប្រតិបត្តិ និងអ្នកជំនាញបច្ចេកទេសនៃក្រុមហ៊ុនដែលគ្រប់គ្រងស្ពាន និងផ្លូវហាយវេជាច្រើនរបស់ប្រទេសអ៊ីតាលី ក៏ដូចជាអតីតមន្ត្រីនៃក្រសួងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសដែរ។ ព្រះរាជអាជ្ញាចោទប្រកាន់ថា ជនជាចុងចោទបានដឹងច្បាស់ថាស្ពាននេះ ត្រូវបានសាងសង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ដែលវាមានហានិភ័យក្នុងហេតុការណ៍ដួលរលំ ហើយដឹងទៀតថាការចំណាយលើការថែទាំត្រូវបានកាត់បន្ថយ ដើម្បីសន្សំសំចៃប្រាក់ទៅវិញ។ អ្នករចនាស្ពានបានណែនាំឱ្យអ្នកថែទាំត្រូវមើលជាប្រចាំលើធ្នឹមស៊ីម៉ង់ត៍ ដើម្បីយកច្រែះចេញ ជាពិសេសដោយសារតែឥទ្ធិពលច្រេះពីខ្យល់ប្រៃសើមរបស់សមុទ្រ Ligurian ដែលនៅក្បែរខាងនោះ ជាហេតុធ្វើឱ្យស្ពានងាយចាស់ និង ពុកផុយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






