ក្រសួងធម្មការនិងសាសនា បន្តផ្សព្វផ្សាយ “នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម” លើកទី ៣៣១ ស្មើរនឹង១១១៨មាតិកាព្រះធម៌ កំពុងផ្សព្វផ្សាយនៅ វិទ្យុ-ទូរទស្សន៍ចំនួន ២៣ស្ថានីយ៍
ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើកទី៣៣១ ស្មើនឹង១១១៨ មាតិកាព្រះធម៌ រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីក្រសួង។
កម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើកទី៣៣១ ស្មើនឹង១១១៨ មាតិកាព្រះធម៌ នាឱកាសនេះ មានការនិមន្ត សម្តែងព្រះធម៌ទេសនា ដោយ សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព សម្តេចព្រះចៅអធិការវត្តគល់ទទឹង, ព្រះឥន្ទមុនី សុំ សុខា ព្រះចៅអធិការវត្តភ្នៀតសម្ពលី, ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ គង់នៅវត្តកំផែង ខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោក លោកស្រី លោកគ្រូ អ្នកគ្រូ តាជី យាយជី សីលវ័ន សីលវត្តី និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នៃក្រសួងធម្មការនិងសាសនា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានបន្តអនុវត្ត ផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយកម្មវិធីនេះក៏ត្រូវបានទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។
ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី ចាយ បូរិន បានអនុញ្ញាតឲ្យ អគ្គនាយកដ្ឋានកិច្ចការសាសនានៃក្រសួងធម្មការនិងសាសនា សហការជាមួយនឹងអគ្គនាយកដ្ឋានវិទ្យុ-ទូរទស្សន៍រដ្ឋ និងឯកជនចំនួន២៣ស្ថានីយ៍ បាននិងកំពុងបន្តរៀបចំដឹកនាំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹង អប់រំ ទូន្មានដល់កុលបុត្រខ្មែរ ដើម្បីឱ្យប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យក ព្រះធម៌ ជាគោល មក ពិចារណា អ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិតឱ្យស្គាល់នូវបុណ្យ បាប និងត្រូវយក ចិត្ត ទុក ដាក់ខិតខំប្រឹងប្រែងរៀនសូត្រ។
លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូនថា ការសម្តែងព្រះធម៌ទេសនានេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុងនោះរួមមាន៖
១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម។
២-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។ ៣-ចៀសផុតពីគ្រឿងញៀន គ្រឿងស្រវឹង ពីការជួញដូរមនុស្ស។
៤-ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម អំពើហិង្សាលើស្ត្រី និង កុមារ។
៥-បង្ការគ្រោះថ្នាក់ចរាចរណ៍ ។
៦-ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។ ៧-រួម ចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព។
៨-អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត។
៩-ការចិញ្ចឹមកូនបែប វិជ្ជមាន។
១០-ជួយផ្សព្វផ្សាយពីហានីភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ក៏ដូចជាផ្សែងដុតក្រដាស ចិនសែ ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់៕







