ឯកឧត្តម ហ៊ុន ម៉ានី ÷ អង្គភាពគំរូជំរុញឱ្យគ្រប់ស្ថាប័នរដ្ឋបាលសាធារណៈ បន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋកាន់តែប្រសើរ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥»។

​ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ រួមមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណជាង ២,០០០នាក់ ព្រឹកថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២៦។ 

​ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលរបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. បានឱ្យដឹងថា ដំណើរការវាយតម្លៃ និងជ្រើសរើសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥ ត្រូវបានធ្វើឡើងប្រកបដោយតម្លាភាព គណនេយ្យភាព សុចរិតភាព និងយុត្តិធម៌ខ្ពស់បំផុត ដោយបានជ្រើសរើសចេញជាផ្លូវការនូវលើវិស័យអប់រំកម្រិតអនុវិទ្យាល័យចំនួន ១០អង្គភាព និងសាលាបឋមសិក្សាចំនួន ១០អង្គភាព។

​វិស័យសុខាភិបាលកម្រិតមណ្ឌលសុខភាពចំនួន ១០អង្គភាព។

​ការដាក់ឱ្យអនុវត្តការវាយតម្លៃនេះ ជាជំហានទី២ (ឆ្នាំ២០២៥) បន្ទាប់ពីការជោគជ័យនៃជំហានទី១ ក្នុងឆ្នាំ២០២៣ កន្លងទៅ។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងសង្កត់ធ្ងន់ និងលើកទឹកចិត្តយ៉ាងជ្រាលជ្រៅថា «សូមឱ្យស្មារតីអង្គភាពគំរូ ក្លាយជាវប្បធម៌រួមរបស់រដ្ឋបាលសាធារណៈទាំងមូល ក្នុងការប្តេជ្ញាផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងមនសិការវិជ្ជាជីវៈខ្ពស់។ អង្គភាពគំរូជំរុញឱ្យគ្រប់ស្ថាប័នរដ្ឋបាលសាធារណៈ បន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋកាន់តែប្រសើរ»។ 

អង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥ វិស័យអប់រំកម្រិតអនុវិទ្យាល័យដែលជ័យលាភីលេខ១ បានទៅលើអនុវិទ្យាល័យ មិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទ្រកោសា (ខេត្តសៀមរាប) , ជ័យលាភីកម្រិតសាលាបឋមសិក្សាលេខ១ បានទៅលើ សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព (ខេត្តព្រះសីហនុ) ។ ដោយឡែកសម្រាប់វិស័យសុខាភិបាលកម្រិតមណ្ឌលសុខភាពជ័យលាភីលេខ១ បានទៅលើមណ្ឌលសុខភាព គោកចក (ខេត្តសៀមរាប)។